Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ្សេលេនស្គី៖ អ៊ុយក្រែននឹងត្រូវការឱ្យអាមេរិកជួយ ដើម្បីបង្កើនកម្លាំងកងទ័ព ប្រសិនបើមិនអាចក្លាយជាសមាជិក NATO (Video inside)

13-02-2025 13:31

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែន នឹងត្រូវការឱ្យសហរដ្ឋអាមេរិក ជួយកសាងកម្លាំងទ័ពរបស់ខ្លួន ឱ្យធំប្រហាក់ប្រហែលនឹងរុស្ស៉ី សម្រាប់បម្រើជា «ផែនការ B» ប្រសិនបើប្រទេសរបស់លោក មិនត្រូវបានទទួលឱ្យចូលរួមជា សមាជិកនៃអង្គការ NATO ទេនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។

អ៊ុយក្រែន ដែលកំពុងបន្តស្ថិតក្នុងសង្រ្គាមអូសបន្លាយជាមួយរុស្ស៉ី ចាប់តាំងតែពីខែកុម្ភៈ ឆ្នាំ២០២២ ធ្លាប់បាននិយាយថា ការក្លាយជាសមាជិក NATO គឺជាមធ្យោបាយរឹងមាំជាងគេបំផុត និងមិនចាំបាច់ចំណាយថវិកាច្រើន ដើម្បីទប់ស្កាត់កុំឱ្យរុស្ស៉ី អាចធ្វើការឈ្លានពានជាថ្មីមកលើខ្លួន ក្រោយពេលសម្រេចបានបទឈប់បាញ់ ឬកិច្ចព្រមព្រៀងសន្តិភាព។

ក្នុងបទសម្ភាសមួយ ដែលចេញផ្សាយកាលពីថ្ងៃពុធសប្តាហ៍នេះ លោក ហ្សេលេនស្គី បាននិយាយដូច្នេះថា «ប្រសិនបើអ៊ុយក្រែន ពិតជាមិនអាចស្ថិតក្នុង NATO មានន័យថា អ៊ុយក្រែន នឹងចាំបាច់ត្រូវកសាង NATO នៅលើទឹកដីរបស់ខ្លួនផ្ទាល់។ ហេតុដូច្នេះហើយ ពួកយើងត្រូវការកងទ័ពមួយ ដែលមានចំនួនច្រើន ដូចរុស្ស៉ីមានសព្វថ្ងៃ។ ដើម្បីសម្រេចរឿងនេះបាន ពួកយើងត្រូវការអាវុធនិងលុយ ហើយយើងនឹងស្នើសុំពីអាមេរិក ដើម្បីសម្រេចគោលដៅនេះ»។ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា នេះគឺជាផែនការ B របស់លោក ប្រសិនបើអ៊ុយក្រែន មិនបានចូល NATO។

កាលពីថ្ងៃពុធ ទីក្រុងវ៉ាស៉ីនតោន បាននិយាយថា សមាជិកភាពអ៊ុយក្រែន នៅក្នុង NATO ហាក់មិនអាចទៅរួចឡើយ បើទោះបីជា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានបំណងចង់ជួយបញ្ចប់សង្រ្គាមអ៊ុយក្រែន ឱ្យបានឆាប់ក៏ដោយ។ ក្នុងសប្តាហ៍នេះ លោក ហ្សេលេនស្គី និងមន្រ្តីជាន់ខ្ពស់អ៊ុយក្រែនដទៃទៀត នឹងត្រូវជួបជាមួយសមាជិកនៃរដ្ឋបាលលោក ត្រាំ នៅក្រៅសន្និសីទសន្តិសុខទីក្រុង Munich ក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីជជែកគ្នាអំពីសង្រ្គាម៕