(គែរ)៖ មន្រ្តីសន្តិសុខអេហ្ស៉ីបពីរនាក់ បានឱ្យដឹងថា លោកប្រធានាធិបតី Abdel Fattah al-Sisi នឹងមិនទៅកាន់ទីក្រុងវ៉ាស៉ីនតោន សម្រាប់កិច្ចពិភាក្សានៅឯសេតវិមានឡើយ ខណៈដែលរបៀបវីរៈនៃកិច្ចពិភាក្សា អាចរួមបញ្ចូលនូវផែនការផ្លាស់ទីលំនៅជនជាតិប៉ាឡេស្ទីនចេញពីតំបន់ហ្កាហ្សា របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៥។
លោក ត្រាំ បានធ្វើឱ្យពិភពអារ៉ាប់ខឹងសម្បារ ជាមួយនិងផែនការជម្លៀសប្រជាជនជាង ២លាននាក់ចេញពីហ្កាហ្សា និងស្វែងរកការគ្រប់គ្រងតំបន់នេះដោយសហរដ្ឋអាមេរិក។ លោកបានទាមទារឱ្យអេហ្ស៉ីប និងហ៊្សកដានី ទទួលជនជាតិប៉ាឡេស្ទីនបន្ថែម ហើយគំរាមដកជំនួយពីរដ្ឋអារ៉ាប់ ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកទាំងពីរនេះ ប្រសិនបើពួកគេបដិសេធ។
អេហ្ស៉ីប បានឱ្យដឹងថា លោក ត្រាំ បន្តការអញ្ជើញដោយបើកចំហមួយមកលោក Sisi ឱ្យទៅកាន់សេតវិមាន កាលពីដើមខែ។ ប៉ុន្តែមន្ត្រីអាមេរិកម្នាក់និយាយថា គ្មានកាលបរិច្ឆេទសម្រាប់ដំណើរទស្សនកិច្ចបែបនេះត្រូវបានកំណត់ឡើងទេ ខណៈប្រធានាធិបតីអេហ្ស៉ីប និងក្រសួងការបរទេស មិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយនៅឡើយ។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអេហ្ស៉ីប លោក Badr Abdelatty បានធ្វើទស្សនកិច្ចនៅក្រុងវ៉ាស៉ីនតោន ក្នុងសប្តាហ៍នេះ ហើយបើតាមមន្រ្តីអេហ្ស៉ីប គោលបំណងមួយនៃការធ្វើដំណើររបស់លោក គឺដើម្បីបញ្ចៀសដំណើរទស្សនកិច្ចរបស់ លោក Sisi។ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បានឱ្យលោក Abdelatty ដឹងថាផែនការផ្លាស់ទីលំនៅប្រជាជនហ្កាហ្សានឹងមានលើតុពិភាក្សា ប្រសិនបើលោក Sisi មកកាន់ទីក្រុងវ៉ាស៉ីនតោន៕