(ព្រុចសែល)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយថា ខ្សែបន្ទាត់ព្រំដែនអ៊ុយក្រែន ទំនងជាមិនអាចត្រឡប់ទៅដូចកាលពីមុនឆ្នាំ ២០១៤បានទេ ហើយរដ្ឋបាលលោកប្រធានាធិបតី ត្រាំ ក៏មិនយល់ឃើញថា សមាជិកភាពទីក្រុងកៀវនៅក្នុងអង្គការណាតូ (NATO) អាចដោះស្រាយសង្រ្គាមឈ្លានពានរបស់រុស្ស៉ីបានដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៥។
ថ្លែងក្នុងកិច្ចប្រជុំនៃសម្ព័ន្ធមិត្តយោធារបស់អ៊ុយក្រែន នៅឯទីស្នាក់ការរបស់អង្គការណាតូ ក្នុងទីក្រុងព្រុចសែល កាលពីថ្ងៃពុធ លោក Hegseth បានបញ្ចេញសេចក្តីថ្លែងការណ៍ជាសាធារណៈ យ៉ាងច្បាស់លាស់មួយមិនធ្លាប់មានឡើយ ជុំវិញវិធីសាស្រ្តរបស់រដ្ឋបាលអាមេរិកថ្មី ចំពោះសង្រ្គាមជិត ៣ឆ្នាំរវាងអ៊ុយក្រែន និងរុស្ស៉ី។
លោក Hegseth បានប្រាប់កិច្ចប្រជុំជាមួយក្រុមមន្ត្រីអ៊ុយក្រែន និងសម្ព័ន្ធមិត្តជាង ៤០ផ្សេងទៀត ដូច្នេះថា «យើងចង់បាន ដូចអ្នកទាំងអស់ដែរ គឺអធិបតេយ្យភាព និងវិបុលភាពរបស់អ៊ុយក្រែន។ ប៉ុន្តែយើងត្រូវតែទទួលស្គាល់ថា ការត្រឡប់ទៅកាន់ព្រំដែនមុនឆ្នាំ ២០១៤ គឺជាវត្ថុបំណងដែលប្រហែលជាមិនអាចទៅរួចទេ»។ លោកបន្ថែមថា «ការដេញចាប់គោលដៅទាំងភាន់ច្រឡំ នឹងធ្វើឲ្យសង្គ្រាមអូសបន្លាយពេលកាន់តែយូរ ហើយបង្កនូវការរងទុក្ខថែមទៀត»។
គួរបញ្ជាក់ថា ការកត់សម្គាល់របស់ប្រមុខការពារជាតិអាមេរិកថ្មីនេះ បានបង្ហាញយ៉ាងច្បាស់នូវការផ្លាស់ប្តូរ ដោយផ្ទុយពីគោលជំហររបស់អតីតរដ្ឋបាល លោក បៃដិន ដែលតែងប្រកាសគាំទ្រទីក្រុងកៀវឱ្យបានយូរតាមតម្រូវការ និងសង្កត់ធ្ងន់លើសារៈសំខាន់នៃបូរណភាពទឹកដី៕