(សេអ៊ូល)៖ ទីក្រុងព្យុងយ៉ាង នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈនេះបានឱ្យដឹងថាកូរ៉េខាងជើង បានកម្ទេចទីតាំងមួយកន្លែងនៅឯរម្មណីយដ្ឋានភ្នំ Kumgang ក្នុងប្រទេសកូរ៉េខាងជើង ដែលទទួលរៀបចំពិធីជួបជុំគ្រួសារកូរ៉េ ដែលបានបែកគ្នា ដោយសារសង្រ្គាមកូរ៉េ និងការបែកបាក់ប្រទេសកូរ៉េជា២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
អ្នកនាំពាក្យម្នាក់នៃក្រសួងបង្រួបបង្រួមជាតិរបស់កូរ៉េខាងត្បូង បាននិយាយថា «ការកម្ទេចមណ្ឌល Mount Kumgang Reunion Center គឺជាសកម្មភាពគ្មានមនុស្សធម៌ដែលបំផ្លាញក្ដីស្រមៃរបស់ក្រុមគ្រួសារដែល បានបែកគ្នា»។ អ្នកនាំពាក្យរូបនេះបន្ថែមថាកូរ៉េខាងត្បូងមានការសោកស្ដោយជាខ្លាំង និងជំរុញឱ្យកូរ៉េខាងជើងបញ្ឈប់ជាបន្ទាន់នូវទង្វើបែបនេះ។ ដ្បិតការកម្ទេចដោយឯកតោភាគីរបស់កូរ៉េខាងជើងមិនអាចយកអ្វីមក បញ្ជាក់ពីហេតុផលនៅក្រោមលេសណាមួយនោះទេ ហើយអាជ្ញាធរកូរ៉េខាងជើងត្រូវតែទទួលខុសត្រូវទាំងស្រុងលើស្ថានភាពនេះ។
គួរបញ្ជាក់ថា បើតាមកូរ៉េខាងត្បូង មានប្រជាជនកូរ៉េខាងត្បូងជាង ១៣៣ ៦០០នាក់ បានចុះឈ្មោះក្នុងបញ្ជីក្រុមគ្រួសារកូរ៉េដែលបានបែកគ្នា ដែលនេះមានន័យថាពួកគេមានបងប្អូនសាច់ញាតិនៅកូរ៉េខាងជើង ហើយ គិតត្រឹមឆ្នាំ២០២៥នេះ មាន ៣៦ ០០០នាក់នៅរស់រានមានជីវិត។ ការជួបជុំគ្រួសារកូរ៉េដែលបានបែកគ្នាលើកចុងក្រោយបំផុត ធ្វើឡើងកាលពីឆ្នាំ២០១៨ និងភាគច្រើននៃពិធីជួបជុំគ្នាត្រូវបានធ្វើឡើងនៅឯ រម្មណីយដ្ឋានភ្នំ Kumgang៕