(ហ្ស៊េរុយសាឡិម)៖ អ៉ីស្រាអែល កាលពីថ្ងៃទី១២ ខែកុម្ភៈ បានកែនកងទ័ពបម្រុងដើម្បីត្រៀមលក្ខណៈសម្រាប់លទ្ធភាពដែលសង្រ្គាមហ្កាហ្សាអាចផ្ទុះឡើងវិញ ប្រសិនបើក្រុមហាម៉ាសមិនព្រមដោះលែង ចំណាប់ខ្មាំងអ៉ីស្រាអែល តាមការគ្រោងទុកនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះទេនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការព្រួយបារម្ភថាបទឈប់បាញ់អាចនឹងដួលរលំបានកើនឡើងជាលំដាប់ ចំពេលបណ្ដាប្រទេសអារ៉ាប់កំពុងខឹងសម្បារជុំវិញផែនការរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលចង់កាន់កាប់តំបន់ ហ្កាហ្សា និងជម្លៀសប្រជាជនប៉ាឡេស្ទីនទាំងអស់ចេញពីតំបន់នេះទៅកាន់ប្រទេសក្បែរខាង។ ក្រុមហាម៉ាសបាននិយាយថាអេហ្ស៉ីប និងកាតា ដែលមានការគាំទ្រពីសហរដ្ឋអាមេរិក និងបានជួយ សម្របសម្រួលឱ្យមានបទឈប់បាញ់ដែលបានចូលជាធរមានកាលពីថ្ងៃទី១៩ ខែមករា បាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបំបែកភាពជាប់គាំង ហើយប្រមុខក្រុមហាម៉ាស លោក Khalil Al-Hayya បានធ្វើដំណើរទៅដល់ទីក្រុងគែរហើយ ដើម្បីចូលរួមក្នុងកិច្ចចរចា។
ក្រុមហាម៉ាស បានព្រមព្រៀងនៅក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ថានឹងដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែល បន្ថែមនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ប៉ុន្តែកាលពីដើមសប្ដាហ៍នេះស្រាប់តែចលនាមួយនេះបាន ប្រកាសពន្យារពេលការដោះលែងចំណាប់ខ្មាំង ដោយចោទថាអ៉ីស្រាអែលបានរំលោភបំពានបទឈប់បាញ់។ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Netanyahu វិញបានប្រកាសថានឹងលុបចោលបទឈប់បាញ់ ប្រសិនបើហាម៉ាសមិនព្រមដោះលែងចំណាប់ខ្មាំង។ លោក Netanyahu ក៏បានអះអាងដែរថាលោកបានបញ្ជាឱ្យយោធាអ៉ីស្រាអែលប្រមូលផ្ដុំកម្លាំងនៅក្នុង និងនៅជំវិញតំបន់ហ្កាហ្សា ហើយយោធា បានប្រកាសថាខ្លួនកំពុងដាក់ពង្រាយកងទ័ពទៅកាន់តំបន់ភាគខាងត្បូងអ៉ីស្រាអែល ក្បែរតំបន់ហ្កាហ្សា ក្នុងនោះរួមមានទាំងកែនកងទ័ពបម្រុងផងដែរ។
គួរបញ្ជាក់ថា ក្រោយហាម៉ាសពន្យារពេលដោះលែងចំណាប់ខ្មាំង លោក ដូណាល់ ត្រាំ បានគំរាមថាលោកនឹងប្រាប់ឱ្យអ៉ីស្រាអែលលុបចោលបទឈប់បាញ់ ប្រសិនបើក្រុមហាម៉ាសមិនព្រមដោះលែង ចំណាប់ខ្មាំងទាមងអស់នៅត្រឹមតែរសៀលថ្ងៃសៅរ៍ចុងសប្ដាហ៍នេះទេនោះ៕