(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី១២ ខែកុម្ភៈ បាននិយាយថារូបលោកនឹងចូលរួមក្នុងជំនួបជាលើកដំបូងជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ខណៈរូបលោកកំពុងព្យាយាមជំរុញការបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក ត្រាំ បានគូសបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាននៅសេតវិមានយ៉ាងខ្លី ដូច្នេះថា «យើងនឹងជួបគ្នានៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត»។ ការលើកឡើងបែបនេះរបស់លោក ត្រាំ កើតមានឡើង បន្ទាប់ពីលោកផ្ទាល់បានអះអាងថាបានបើកកិច្ចសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយលោក ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងបានឯកភាពលើការចាប់ផ្ដើម ភ្លាមៗនូវកិច្ចចរចាស្វែងរកសន្តិភាពសម្រាប់អ៊ុយក្រែន។
គួរបញ្ជាក់ថា វិមានក្រឹមឡាំង ក្នុងថ្ងៃដដែលនោះ វិមានក្រឹមឡាំងក៏បានឱ្យដឹងដែរថាលោក ពូទីន និងលោក ត្រាំ បានព្រមព្រៀងថានឹងជួបគ្នាដោយផ្ទាល់ ហើយលោក ពូទីនថែមទាំងអញ្ជើញលោក ត្រាំ ធ្វើទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូទៀតផង។ តែលោក ត្រាំ បានព្រលយថាជំនួបលើកដំបូងជាមួយលោក ពូទីន អាចនឹងត្រូវធ្វើឡើងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងពេលឆាប់ៗ៕