(វ៉ាស៊ីនតោន)៖ នៅពេលនិយាយដល់ទំនាក់ទំនងចិន និងឥណ្ឌា ភាគច្រើនគេប្រហែលជានឹកដល់មុនគេពីការប្រកួតប្រជែងគ្នា និងជម្លោះព្រំដែនរវាងប្រទេសទាំង២។ ប៉ុន្តែ សព្វថ្ងៃ មហាយក្សអាស៊ីទាំង២បែរជាខិតរកគ្នា ទៅវិញ ហើយហេតុផលនោះគឺដោយសារតែលោក ដូណាល់ ត្រាំ។ ចិន និងឥណ្ឌា សុទ្ធសឹងជាប្រទេសមានប្រជាជនច្រើនជាងគេនៅលើពិភពលោក ហើយមានជម្លោះព្រំដែនរុំារ៉ៃនឹងគ្នា និងកំពុងប្រជែងគ្នាធ្វើជាមេដឹកនាំ ក្រុមប្រទេស Global South។
តែទោះជាបែបនេះក្ដី ក្នុងពេលប៉ុន្មានខែថ្មីៗនេះ ទំនាក់ទំនងប្រទេសទាំង២ មានភាពល្អប្រសើរឡើងគួរឱ្យកត់សម្គាល់ ដែលត្រូវបានក្រុមអ្នកវិភាគយល់ថាជាតាក់ទិកបញ្ចុះកម្ដៅភាពតានតឹង ដើម្បីឆ្លងឱ្យផុតអាណត្តិទី២របស់ លោក ដូណាល់ ត្រាំ ទោះជាភាពផ្អែមល្ហែមមិនអាចយូរអង្វែងក៏ដោយ។ ដ្បិតដោយសារតែជម្លោះព្រំដែន និងមហិច្ឆតាចង់ក្លាយជាមហាអំណាចពិភពលោករៀងៗខ្លួន។ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី ទៅកាន់សហរដ្ឋអាមេរិកនៅថ្ងៃទី១២ ខែកុម្ភៈ ដើម្បីជួបលោក ដូណាល់ ត្រាំ នឹងបង្វែរការចាប់អារម្មណ៍សាជាថ្មីទៅលើទំនាក់ទំនងប៉េកាំង និងញូវដេលី។ គ្មានប្រទេសណាមួយគេចផុតការដំឡើងពន្ធរបស់លោក ត្រាំ ឡើយ។ លោក ត្រាំ បានដំឡើងពន្ធបន្ថែម ១០ភាគរយលើទំនិញនាំចូលពីចិន និងបានយកពន្ធ ២៥ភាគរយ លើការនាំចូលដែកថែប និងអាលុយមីញ៉ូមទាំងអស់ ហើយនេះមានន័យថាឥណ្ឌាក៏ស្ថិតនៅក្នុងចំណោម ប្រទេសរងផលប៉ះពាល់ពីការយកពន្ធនេះដែរ។
តាំងតែដើមមក ទស្សនៈរបស់ចិនចំពោះឥណ្ឌា បានវិវត្តន៍ទៅតាមសម័យកាលខុសៗគ្នា។ នៅក្រោមការដឹកនាំដោយអតីតមេដឹកនាំចិន លោក ម៉ៅ សេទុង ទំនាក់ទំនងរវាងចិន និងឥណ្ឌា បានប្រែក្លាយពីទំនាក់ទំនងមិត្តភាពមិនសូវ ទុកចិត្តគ្នា ទៅជាគូសត្រូវ។ លោកប្រធានាធិបតីចិន ស៊ី ជីនពីង វិញ បានព្យាយាមស្វែងរកតុល្យភាពទំនាក់ទំនងដ៏ល្អប្រសើរមួយ ដែលស្ដែងឡើងឱ្យឃើញតាមរយៈការកត់សម្គាល់ក្នុងជំនួបជាមួយលោក ម៉ូឌី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំមុន ថាប្រទេសទាំង២គួរតែធ្វើជាដៃគូនៃកិច្ចសហប្រតិបត្តិការ ជាជាងធ្វើជាគូសត្រូវនឹងគ្នា។ តាមការស្រាវជ្រាវមួយធ្វើឡើងដោយវិទ្យាស្ថាន Pew Research Center កាលពីឆ្នាំ២០២៣ ប្រហែលជា ២ភាគ៣ នៃប្រជាជនឥណ្ឌា មានទស្សនៈអវិជ្ជមានចំពោះចិន។ ប៉ុន្តែ លោ Kanti Bajpai ជាសាស្ត្រាចារ្យជំនាញខាងកិច្ចការអាស៊ីមកពីសាកលវិទ្យាល័យ Lee Kuan Yew School of Public Policy មានមូលដ្ឋានក្នុងប្រទេសសិង្ហបុរី បាននិយាយថាទាំងចិន និងឥណ្ឌាមានការព្រួយបារម្ភខ្លាំងដូចគ្នាអំពីទិសដៅនយោបាយរបស់សហរដ្ឋអាមេរិក ជាពិសេសគឺនយោបាយ America First របស់លោក ត្រាំ ដែលគិតតែពីប្រយោជន៍អាមេរិកជាធំ។
ចិន និងឥណ្ឌា បានចាប់ផ្ដើមខិតជិតគ្នា តាំងពីមុនពេលលោក ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកកាលពីខែវិច្ឆិកា ឆ្នាំមុន។ កាលពីខែតុលា ឆ្នាំដដែល ប៉េកាំង និងញូវដេលីបានប្រកាសពីការថយម្នាក់មួយជំហានចេញពីតំបន់ជម្លោះ ព្រំដែនតាមបណ្ដោយជួរភ្នំហិរមាល័យ ទោះជាកងទ័ពនៃប្រទេសទាំង២នៅតែបន្តរក្សាវត្តមាននៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន Line of Actual Control ជាទីដែលជម្លោះ និងអំពើហិង្សាតែងកើតឡើងជារឿយៗក្ដី។ បើគេចាប់មិន ភ្លេចទេ ក្នុងឆ្នាំ២០២០ ជម្លោះព្រំដែនបានបណ្ដាលឱ្យកងទ័ពឥណ្ឌា ២០នាក់ស្លាប់ រីឯចិនក៏មានកងទ័ពស្លាប់ដែរ តែមិនមានការបញ្ជាក់ពីចំនួន។ នេះជាជម្លោះដ៏អាក្រក់បំផុតមួយរវាងចិន និងឥណ្ឌា ចាប់តាំងពីសង្រ្គាមចិន-ឥណ្ឌា ឆ្នាំ១៩៦២មក។ អំពើហិង្សានេះបានជំរុញឱ្យឥណ្ឌាដាក់ចេញបម្រាមលើកម្មវិធីរបស់ចិនជាច្រើន ពន្យារពេលការអនុម័តការវិនិយោគ ទិដ្ឋាការ និងផ្អាកជើងហោះហើរដោយផ្ទាល់ទៀតផង។
រហូតដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ទើបបញ្ហាទាំងនេះត្រូវបានដោះស្រាយ ក្រោយជំនួបមួយរវាងភាគីទាំង២។ កម្មវិធីលក់សម្លៀកបំពាក់ចិន Shein ត្រូវបានបើកដំណើរការឡើងវិញនៅក្នុងប្រទេសឥណ្ឌា ក្រោមកិច្ចព្រមព្រៀង មួយជាមួយក្រុមហ៊ុនឥណ្ឌា Reliance Retail ហើយបើតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា កម្មវិធីចិនមួយចំនួនក៏ត្រូវបានស្ដារឡើងវិញនៅលើ play stores ផងដែរ។ តាមលោកស្រី Karishma Vaswani ជាអ្នកជំនាញម្នាក់ខាង នយោបាយអាស៊ី ការបញ្ចៀសសង្រ្គាមក្ដៅណាមួយនៅក្នុងអាណត្តិរបស់លោក ត្រាំ គឺជារឿងសំខាន់បំផុតមួយ។ ទាំងចិន និងឥណ្ឌាចាំបាច់ត្រូវទម្លាក់ចោលជម្លោះមួយឡែកសិន ហើយផ្តោតលើវិស័យណាដែលពួកគេអាចសហការគ្នា បាន។ នៅត្រង់នេះ មានវិស័យជាច្រើនដែលចិន និងឥណ្ឌាអាចធ្វើកិច្ចសហប្រតិបត្តិការនឹងគ្នា។ ឥណ្ឌាពឹងផ្អែកយ៉ាងខ្លាំងលើទីផ្សារចិន រាប់ចាប់ពីបន្ទះឈីប និងវិស្វកម្មក្នុងវិស័យរោងចក្រ រហូតដល់សារធាតុផ្សំផលិតថ្នាំពេទ្យដែល ចូលរួមចំណែកធ្វើឱ្យឥណ្ឌាក្លាយជាប្រទេសមួយដ៏ធំខាងឧស្សាហកម្មថ្នំាពេទ្យ។ ញូដេលីចាំបាច់ត្រូវតែធានាឱ្យបាននូវការនាំចូលទំនិញទាំងនេះ ប្រសិនបើចង់រក្សាតំណែងជារោងចក្រផលិតដ៏សំខាន់មួយ និងជាផ្នែកមួយនៃខ្សែច្រវ៉ាក់ ផ្គត់ផ្គង់សកល។ ចំណែកឯ ចិនដែលកំពុងប្រឈមមុខនឹងហានិភ័យនៃជម្លោះពាណិជ្ជកម្មជាមួយលោកខាងលិច ក៏សម្លឹងឃើញពីភាពទាក់ទាញនៃទីផ្សារឥណ្ឌាដែរ។
ក៏ប៉ុន្តែ សម្រាប់លោកស្រី Vaswani ភាពផ្អែមល្ហែមរវាងចិន និងឥណ្ឌា គឺមិនអាចយូរអង្វែងទេ ហើយអ្វីដែលគេរំពឹងថានឹងភាពយូរអង្វែង នោះគឺការប្រជែងដណ្ដើមឥទ្ធិពលគ្នា។ ចិនបានជ្រើសរើសយកប៉ាគីស្ថានដែលជាសត្រូវរបស់ ឥណ្ឌា ធ្វើជាមិត្ត តាមរយៈគំនិតផ្ដួចផ្ដើមសេដ្ឋកិច្ចជាច្រើន តួយ៉ាងដូចជា ច្រករបៀងសេដ្ឋកិច្ចចិន និងប៉ាគីស្ថាន (China-Pakistan Economic Corridor) ដែលធ្វើឱ្យក្រុមមន្ត្រីក្នុងទីក្រុងញូដេលីមិនសប្បាយចិត្តជាខ្លាំង។ ម្យ៉ាងវិញទៀត ទំនាក់ទំនងចិន និងឥណ្ឌា អាចប្រែជាតានតឹងគ្រប់ពេល ដោយសារតែគម្រោងសាងសង់ទំនប់ទឹកមួយនៅក្នុងតំបន់ Medog របស់ចិន ដែលជាគម្រោងវារីអគ្គិសនីដ៏ធំសម្បើមមួយ ពោលគឺធំជាងទំនប់ Three Gorges Dam ដែល បច្ចុប្បន្នជាទំនប់វារីអគ្គិសនីធំជាងគេរបស់ពិភពលោកទៅទៀត។ មានប្រភពចេញពីតំបន់ខ្ពង់រាបទីបេ ប្រភពទឹកចេញពីតំបន់ Medog បានហូរចូលទៅក្នុងទឹកទន្លេ Brahmaputra ប្រទេសឥណ្ឌា ដោយទ្រទ្រង់ជីវិតមនុស្សជិត ១៣០លាននាក់ និងដីស្រែចម្ការ ៦លានហិកតា។ ដូច្នេះការរំខានណាមួយដល់លំហូរទឹកនេះអាចនឹងបង្កជាមហន្តរាយ។ កាន់តែសំខាន់ជាងនេះទៀត គឺបញ្ហានៃការជឿទុកចិត្តគ្នាទៅវិញទៅមក។
លោក ស៊ី ជីនពីង និងលោក ម៉ូឌី មិនមានទំនាក់ទំនងផ្ទាល់ខ្លួនរវាងគ្នានោះទេ ផ្ទុយទៅវិញសម្លឹងមើលគ្នាទៅមកជាគូប្រជែងខាងយុទ្ធសាស្ត្រ ខណៈសេដ្ឋកិច្ចចិនធំជាងឥណ្ឌាជិត៥ដង។ បើតាមការវាយតម្លៃរបស់ UN ឥណ្ឌា នឹងមាន ប្រជាជនកើនឡើងដល់ ១.៧ពាន់លាននាក់ នៅទសវត្សរ៍ឆ្នាំ២០៦០ រីឯចិនកំពុងប្រឈមមុខនឹងការថយចុះចំនួនប្រជាជន។ ប៉ុន្តែ មានកម្លាំងពលកម្មច្រើនតែមួយមុខគឺមិនទាន់គ្រប់គ្រាន់ទេ ហើយក៏មិនអាចធានាបាននូវសេដ្ឋកិច្ចដ៏ ខ្លាំងក្លាមួយដែរ។ ផ្ទុយទៅវិញការប្រើប្រាស់កម្លាំងពលកម្មឱ្យមានប្រសិទ្ធភាពទើបជារឿងសំខាន់ ហើយចិនដឹងពីរឿងនេះច្បាស់ជាងនរណាៗទាំងនោះ។ ដូច្នេះតាក់ទិកបញ្ចុះកម្ដៅភាពតានតឹងនឹងមិនអាចនាំទៅរកការផ្លាស់ប្ដូរជា យុទ្ធសាស្ត្រឡើយ ហើយទំនាក់ទំនងមួយចំនួនដែលមានភាពសាមញ្ញ ក៏មិនអាចឋិតឋេរបានយូរអង្វែងនោះដែរ៕