(ប៉េកាំង)៖ កាលពីថ្ងៃទី ១០ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ លោក Zhang Guoqing តំណាងពិសេសរបស់លោកប្រធានរដ្ឋចិន Xi Jinping និងជាឧបនាយករដ្ឋមន្រ្តីចិន បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត នៅក្រុងប៉ារីស។
លោក Zhang Guoqing បានលើកឡើងថា បញ្ញាសិប្បនិម្មិតបានក្លាយជាកម្លាំងជំរុញដ៏សំខាន់ សម្រាប់ការធ្វើបដិវត្តន៍បច្ចេកទេស និងវិទ្យាសាស្ត្រនិងនវានុវត្តន៍ខាងឧស្សាហកម្មជុំថ្មី ។ ប្រទេសចិនបាននិងកំពុងចូលរួម ក្នុងការធ្វើអភិបាលកិច្ចបញ្ញាសិប្បនិម្មិតជាសកល ប្រកបដោយអកប្បកិរិយាទំនួលខុសត្រូវខ្ពស់ ។ ប្រឈមមុខនឹងកាលានុវត្តភាព និងបញ្ហាប្រឈម នៃការអភិវឌ្ឍបញ្ញាសិប្បនិមិត្ត សហគមន៍អន្តរជាតិគួរតែប្រកៀកស្មាគ្នា ដើម្បីផ្តួចផ្តើមឱ្យប្រើប្រាស់ AI ប្រកបដោយសីលធម៌ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ ខាងការច្នៃប្រឌិតថ្មី ពង្រឹងបរិយាបន្ននិងផ្តល់ផលប្រយោជន៍ជាទូទៅ ក៏ដូចជាធ្វើឱ្យអភិបាលកិច្ចសកលមានសុក្រឹតភាព ។ ប្រទេសចិនរីករាយធ្វើការជាមួយបណ្តាប្រទេសនានា ក្នុងវិស័យបញ្ញាសិប្បនិមិត្ត ដើម្បីរួមគ្នា ជំរុញការអភិវឌ្ឍ រួមគ្នាការពារសន្តិសុខនិងរួមគ្នាចែករំលែកសមិទ្ធផល ក្នុងន័យរួមគ្នាកសាង សហគមន៍រួមវាសនារបស់មនុស្សជាតិ៕
វិទ្យុមិត្តភាពកម្ពុជាចិន