(ញូវដេលី)៖ អាជ្ញាធរនិយាយថា នៅថ្ងៃពុធ ទី១២ ខែកុម្ភៈនេះ អ្នកកាន់សាសនាហិណ្ឌូជាង ១០លាននាក់ ដែលមានជំនឿថា នឹងអាចរំដោះខ្លួនពីបាបកម្ម បានចុះមុជទឹកទន្លេដែលពួកគេហៅថាជាទឹកដ៏វិសុទ្ធ នៅភាគខាងជើងប្រទេសឥណ្ឌា រយៈពេល ៤ម៉ោង ខណៈដែលនឹងមានមនុស្សរាប់លាននាក់បន្ថែមទៀត រំពឹងថានឹងមកចូលរួមពិធីបុណ្យ Kumbh Mela។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អាជ្ញាធរ បានដាក់ពង្រាយប៉ូលិសកាន់តែច្រើន ជាមួយនិងយន្តហោះសង្គ្រោះបន្ទាន់ នៅទីក្រុង Prayagraj រដ្ឋ Uttar Pradesh ក្នុងថ្ងៃដ៏វិសុទ្ធបំផុតមួយនៃពិធីបុណ្យហិណ្ឌូ ដែលគេចាត់ទុកថាជាការជួបជុំមនុស្សដ៏ច្រើនបំផុតរបស់ពិភពលោក។ មេប៉ូលិសរដ្ឋ លោក Prashant Kumar បានប្រាប់ Reuters ថា «មានមនុស្សច្រើនក្នុងទីក្រុងនេះ ដោយក្នុងមួយថ្ងៃ ច្រើនជាងប្រជាជនសរុបនៃប្រទេសខ្លះទៅទៀត ហើយចំនួនអាចកើនឡើងភ្លាមៗ»។ លោកបន្ថែមថា តួលេខនៃអ្នក ដែលបានមកដល់ នាំឱ្យមានការកកស្ទះចៀសមិនរួច។ តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក មានរថយន្តជាច្រើនតម្រង់ជួរ នៅជាយក្រុងចម្ងាយរាប់រយគីឡូម៉ែត្រ។
គួរបញ្ជាក់ថា ព្រះច័ន្ទពេញវង់ ដែលគេស្គាល់ថា Magh Poornima នាថ្ងៃពុធនេះ នាំឱ្យមានការកំណត់ថាជាថ្ងៃដ៏វិសុទ្ធបំផុត អំឡុងពេលនៃពិធីបុណ្យរយៈពេល ៦សប្តាហ៍ ដែលប្រារព្ធឡើងនៅឯចំណុចប្រសព្វនៃទន្លេធំទាំង ៣របស់ឥណ្ឌា៕