Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សេតវិមាន ហាមអ្នកកាសែត AP ចូលយកព័ត៌មាននៅការិយាល័យប្រធានាធិបតី ជុំវិញគោលការណ៍ផ្សាយលើបញ្ហា Gulf of America (Video inside)

12-02-2025 15:33

(វ៉ាស៉ីនតោន)៖ សេតវិមាន បានរារាំងអ្នកកាសែតម្នាក់មកពី Associated Press មិនឱ្យចូលយកព័ត៌មាន កាលពីថ្ងៃអង្គារ បន្ទាប់ពីទាមទារឱ្យទីភ្នាក់ងារព័ត៌មានមួយនេះ កែសម្រួលសរសេរព័ត៌មានរបស់ខ្លួន ទាក់ទងនឹងឈូងសមុទ្រម៉ិកស៉ិក (Gulf of Mexico) ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ចេញបញ្ជាឱ្យប្តូរឈ្មោះទៅជាឈូងសមុទ្រអាមេរិក (Gulf of America)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ ២០២៥។

អ្នក​កាសែត AP ម្នាក់បាន​ព្យាយាម​ចូលយកព័ត៌មាន នៅ​ក្នុង​កម្មវិធីមួយនៅឯ​សេតវិមាន​ដូចសព្វដង ប៉ុន្តែ​ត្រូវ​បាន​គេ​បដិសេធ។ វាជាការហាមប្រាមមិនធ្លាប់មាន ដែលមន្ត្រីនៃរដ្ឋបាលលោក ត្រាំ និយាយថា លុះត្រាតែ AP កែសម្រួលព័ត៌មាន ស្តីពីបញ្ហាឈូងសមុទ្រនោះ។ អ្នកនាង Julie Pace អនុប្រធានជាន់ខ្ពស់ និងជានិពន្ធនាយករបស់ AP បានហៅចំណាត់ការ របស់រដ្ឋបាល ត្រាំ ថាជារឿងមិនអាចទទួលយកបាន។

កាលពីខែមុន ពោលគឺ ៣ថ្ងៃមុនពេលលោក ត្រាំ ស្បថចូលកាន់តំណែង AP បានចុះផ្សាយព័ត៌មានថា ខ្លួននឹងបន្តហៅថា Gulf of Mexico បើទោះបីជាលោក ត្រាំ មានបំណងផ្លាស់ប្តូរឈ្មោះ។ ក្នុងនាមជាទីភ្នាក់ងារព័ត៌មានអន្តរជាតិ ដែលផ្សព្វផ្សាយព័ត៌មាន ជុំវិញពិភពលោក AP និយាយថា ខ្លួនត្រូវតែធានាថាឈ្មោះទីកន្លែង និងភូមិសាស្ត្រ អាចសម្គាល់បានយ៉ាងងាយស្រួល សម្រាប់ទស្សនិកជនទាំងអស់។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍មុន រដ្ឋបាលលោក ត្រាំ បាន​បណ្តេញ​អ្នកកាសែតនៃ​ស្ថាប័ន​ព័ត៌មានពីរ ​ចេញ​ពី​ការិយាល័យ​មន្ទីរ​បញ្ចកោណផងដែរ៕