(គែរ)៖ កាលពីថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ក្រសួងការបរទេសនៃប្រទេសអេហ្ស៉ីប បាននិយាយថា អេហ្ស៉ីបគ្រោងនឹងបង្ហាញ ចក្ខុវិស័យគ្រប់ជ្រុងជ្រោយមួយ សម្រាប់កិច្ចប្រឹងប្រែងស្ថាបនាតំបន់ហ្កាហ្សាស្រ្ទីបឡើងវិញ ដែលធានាថា ជនជាតិប៉ាឡេស្ទីន នឹងបន្តស្ថិតនៅក្នុងដែនដីរបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
សេចក្តីថ្លែងការណ៍ខាងលើ កើតមានឡើងមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា រូបលោក អាចនឹងផ្អាកជំនួយមកកាន់អេហ្ស៉ីប និងហ៊្សកដានី ប្រសិនបើប្រទេសទាំងពីរ បដិសេធធ្វើកិច្ចសហការ ជាមួយផែនការរបស់លោក ដែលចង់ឱ្យសហរដ្ឋអាមេរិកគ្រប់គ្រងហ្កាហ្សា ហើយជម្លៀសជនជាតិប៉ាឡេស្ទីនជាង ២លាននាក់ ចេញទៅកាន់ប្រទេសជិតខាងទាំងពីរ។
ក្រសួងការបរទេសអេហ្ស៉ីប បានលើកឡើងថា អេហ្ស៉ីបសង្ឃឹមថា នឹងអាចធ្វើកិច្ចសហការជាមួយ រដ្ឋបាលលោក ត្រាំ ជុំវិញបញ្ហានេះ ក្នុងគោលដៅសម្រេចឱ្យបាន ដំណោះស្រាយមួយ ដែលមានយុត្តិធម៌ សម្រាប់បុព្វហេតុប៉ាឡេស្ទីន។ ក្រសួងបានបន្តថា អេហ្ស៉ីបនឹងផ្តល់ផែនការស្ថាបនាហ្កាហ្សាឡើងវិញ ក្នុងរបៀបមួយច្បាស់លាស់និងម៉ឺងម៉ាត់ ដែលធានាថា ជនជាតិប៉ាឡេស្ទីន បន្តស្ថិតក្នុងទឹកដីរបស់ពួកគេ ហើយស្របតាមសិទ្ធិស្របច្បាប់របស់ពួកគេ។
គួរបញ្ជាក់ថា អំឡុងជំនួបជាមួយ លោក ត្រាំ នៅវ៉ាស៉ីនតោនកាលពីថ្ងៃអង្គារ ព្រះមហាក្សត្រហ៊្សកដានី Abdullah II បានមានបន្ទូលថា អេហ្ស៉ីបនឹងបង្ហាញផែនការមួយ ដែលក្រុមមេដឹកនាំអារ៉ាប់ នឹងពិភាក្សាគ្នាក្នុងកិច្ចប្រជុំនាពេលខាងមុខ។ ក្នុងថ្ងៃដដែល ប្រធានាធិបតីអេហ្ស៉ីប លោក Abdel Fattah al-Sisi ក៏បានទទូចឱ្យមានការស្ថាបនាតំបន់ហ្កាហ្សា ដោយមិនចាំបាច់ត្រូវជម្លៀសជនជាតិប៉ាឡេស្ទីន ផងដែរ៕