(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានវាយប្រហារជាថ្មីលើ ទីភ្នាក់ងារសហព័ន្ធរបស់អាមេរិក ដែលទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយ ហៅកាត់ថា FEMA ដោយលោកបានគំរាមបិទចោល ហើយផ្ទេរភារកិច្ចរបស់ទីភ្នាក់ងារនេះ ទៅឱ្យរដ្ឋនីមួយៗ ចាត់ចែងជំនួសវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោក ត្រាំ ដែលចាប់តាំងពីឡើងកាន់អំណាចមក បានសកម្មជាខ្លាំងក្នុងកិច្ចប្រឹងប្រែង កាត់បន្ថយការចំណាយនិងបង្រួមរដ្ឋាភិបាល បានបង្ហោះសារយ៉ាងដូច្នេះថា «FEMA កាលពីអំឡុងអាណត្តិលោក បៃដិន បានទទួលបរាជ័យទាំងស្រុង ដូច្នេះគួរតែបិទចោល។ ទីភ្នាក់ងារនេះ ធ្វើការងារយឺតយ៉ាវ និងមិនមានប្រសិទ្ធភាព ទាល់តែសោះ។ រដ្ឋនីមួយៗ គួរតែចាត់ចែងដោះស្រាយគ្រោះមហន្តរាយដោយខ្លួនឯង ព្រោះវាជួយសន្សំសំចៃបានច្រើន និងមានប្រសិទ្ធភាពខ្ពស់ជាង»។
ប្រធានាធិបតីអាមេរិករូបនេះ ធ្លាប់បានចោទប្រកាន់ថា ទីភ្នាក់ងារ FEMA ដែលមានតួនាទីសម្របសម្រួល ការឆ្លើយតបរបស់រដ្ឋាភិបាលសហព័ន្ធ ចំពោះគ្រោះមហន្តរាយផ្សេងៗ នៅពេលដែលបណ្តារដ្ឋរបស់អាមេរិក ស្នើសុំជំនួយនោះ បានចំណាយថវិកាដោយលំអៀងរាប់សិបលានដុល្លារ ទៅលើតំបន់នៃអ្នកគាំទ្របក្សប្រជាធិបតេយ្យ អំឡុងការឆ្លើយតបចំពោះ ព្យុះដ៏ប្រល័យមួយ កាលពីខែកញ្ញា ឆ្នាំមុន នៅរដ្ឋ North Carolina ដែលបានសម្លាប់មនុស្សជាង១០០នាក់។
លោក ត្រាំ ក៏បានចោទដែរថា លុយមូលនិធិរបស់ FEMA សម្រាប់ជនរងគ្រោះ នៃព្យុះហឺរីខិន Helene ត្រូវបានបង្វែរឱ្យទៅជនអន្តោប្រវេសន៍, ទ្រព្យសម្បត្តិដែលរងការជន់លិច ត្រូវបានរឹបអូស ហើយជនរងគ្រោះដោយសារព្យុះនេះ ទទួលបានសំណងសរុប ត្រឹម៧៥០ដុល្លារប៉ុណ្ណោះ។ កាលពីខែមុន លោក ត្រាំ ក៏បានគំរាមបិទ FEMA ម្តងរួចហើយផងដែរ ក្រោយផ្នែកនៃទីក្រុង Los Angeles បានរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដោយសារភ្លើងឆេះព្រៃ។
គួរបញ្ជាក់ថា អំឡុងអាណត្តិទី២នេះ លោក ត្រាំ បាននិងកំពុងរករឿងចង់រំសាយស្ថាប័នមួយចំនួន របស់រដ្ឋាភិបាលសហព័ន្ធ រួមមានដូចជា ទីភ្នាក់ងារផ្តល់ជំនួយបរទេស USAID និងក្រសួងអប់រំ ជាដើម ក្រោមហេតុផលថា ស្ថាប័នទាំងអស់នេះ គឺជាការចំណាយថវិកាចោលឥតប្រយោជន៍៕