(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងថា រដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក Scott Bessent នឹងធ្វើដំណើរទៅកាន់អ៊ុយក្រែន ក្នុងសប្តាហ៍នេះ ខណៈដែលរដ្ឋបាលរបស់លោក កំពុងព្យាយាមបញ្ចប់សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន ហើយធានាថាសហរដ្ឋអាមេរិកអាចទទួលបានធនធានរ៉ែរបស់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ ២០២៥។

ប្រសិនបើគ្មានការប្រែប្រួលទេ លោក Bessent នឹងក្លាយជារដ្ឋមន្រ្តីដំបូងគេនៃរដ្ឋបាល លោក ត្រាំ ដែលទៅបំពេញទស្សនកិច្ចអ៊ុយក្រែន ជាមួយនិងការពិភាក្សាដែលផ្តោតលើការទទួលបានរ៉ែកម្រ ប្រភព និងធនធានថាមពល។ ក្រៅពីនេះ ក៏នឹងមាននូវការពិភាក្សាមួយចំនួន ជុំវិញអនាគតនៃសហគ្រាសរដ្ឋមួយចំនួនរបស់អ៊ុយក្រែនផងដែរ។

ថ្មីៗនេះ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Mike Waltz បាននិយាយថា ទីក្រុងវ៉ាស៉ីនតោន ចាប់អារម្មណ៍ក្នុងការទទួលបានធនធានប្រេង និងឧស្ម័នរបស់អ៊ុយក្រែន ជាថ្នូរនឹងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ជួយដល់អ៊ុយក្រែនក្នុងការធ្វើសង្រ្គាម។

គួរបញ្ជាក់ថា លោក ហ្សេលេនស្គី និងលោក ត្រាំ បានសម្តែងចំណាប់អារម្មណ៍លើការព្រមព្រៀងគ្នាមួយ ដែលនឹងនាំឱ្យសហរដ្ឋអាមេរិក ទទួលបានរ៉ែកម្រពីអ៊ុយក្រែន ជាថ្នូរនឹងការបន្តគាំទ្រដើម្បីធ្វើសង្រ្គាមជាមួយរុស្ស៉ី៕