(ព្យុងយ៉ាង)៖ កូរ៉េខាងជើង តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃពុធ ទី១២ ខែកុម្ភៈ បានចាត់ទុកផែនការគ្រប់គ្រងតំបន់ហ្កាហ្សា របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងបំណងផ្លាស់ទីលំនៅជនជាតិប៉ាឡេស្ទីន ថាជារឿងកំប្លែង ហើយចោទថាក្រុងវ៉ាស៉ីនតោនមានបំណងជំរិតយកលុយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌រដ្ឋ KCNA បានលើកឡើងថា ក្តីសង្ឃឹមតិចតួចនៃសុវត្ថិភាព និងសន្តិភាពសម្រាប់ប៉ាឡេស្ទីន នឹងខ្ទេចខ្ទីដោយសារតែផែនការនោះ។ KCNA គូសបញ្ជាក់ថា «ពិភពលោកឥឡូវនេះ កំពុងពុះកញ្ជ្រោលដោយសារតែសហរដ្ឋអាមេរិក»។ ខណៈដែលហៅសហរដ្ឋអាមេរិក ថាជាអ្នកជំរិតទារប្រាក់ KCNA បានលើកឡើងទៀតថា «សហរដ្ឋអាមេរិក គួរតែឈប់បង្កភាពអនាធិបតេយ្យ ហើយបញ្ឈប់ជាបន្ទាន់នូវការរំលោភលើសេចក្តីថ្លៃថ្នូរ និងអធិបតេយ្យនៃប្រទេស និងប្រជាជនដទៃទៀត»

គូរបញ្ជាក់ថា សេចក្តីរាយការណ៍នេះ ចង់សំដៅទៅលើការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក ត្រាំ ដែលថាសហរដ្ឋអាមេរិក មានបំណងជម្លៀសអ្នកស្រុកចេញពីហ្កាហ្សា ហើយប្រែក្លាយទឹកដីដែលរងការបំផ្លិចបំផ្លាញដោយសង្រ្គាម ទៅជាតំបន់ឆ្នេរសមុទ្រមជ្ឈិមបូព៌ាលំដាប់អន្តរជាតិ ដែលលោកប្រធានាធិបតីហៅថា «Riviera of the Middle East»៕