(ហុងកុង)៖ គ្រាប់កាំភ្លើងដំបូងនៃសង្រ្គាមពាណ្ជិជ្ជកម្មថ្មីមួយរវាងចិន និងសហរដ្ឋអាមេរិកត្រូវបានបាញ់ចេញហើយ កាលពីថ្ងៃទី១០ ខែកុម្ភៈ ខណៈការដំឡើងពន្ធរបស់ទីក្រុងប៉េកាំងជិត ១៤ពាន់លានដុល្លារ លើទំនិញនាំចូលពីសហរដ្ឋអាមេរិកចូលជាធរមាន។ ការដំឡើងពន្ធដែលគ្រប់ដណ្ដប់លើប្រេងឆៅ ឧស្មនធម្មជាតិរាវ (LNG) និងគ្រឿងម៉ាស៊ីនមួយចំនួន រួមទាំងរថយន្ដ ត្រូវបានប្រកាសដោយចិន ជាការឆ្លើយតប ទៅនឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានប្រកាសដំឡើងពន្ធ១០ភាគរយបន្ថែមលើទំនិញនាំចូលពីចិន។
* តើនឹងមានអ្វីកើតឡើងបន្ទាប់?
បើទោះជាចិនប្រហែលជាកំពុងផ្ដោតសំខាន់លើថាតើត្រូវធ្វើដូចម្ដេចដើម្បីបញ្ចៀសកុំឱ្យសង្រ្គាមពាណិជ្ជកម្មពេញទំហឹងផ្ទុះឡើងក៏ដោយ តែក្រុមមន្ត្រីចិនបានត្រៀមទុកជាមុនយ៉ាងប្រុងប្រយ័ត្ននូវវិធានការឆ្លើយតប និងកំពុងថ្លឹងថ្លែងពីជម្រើសដំឡើងពន្ធបន្ថែម និងសម្បទាន អាស្រ័យលើសកម្មភាពបន្ទាប់របស់លោក ត្រាំ។ លោក Nick Marro ជាសេដ្ឋកិច្ចវិទូសម្រាប់តំបន់អាស៊ី មកពីស្ថាប័ន Economist Intelligence Unit យល់ថា «សកម្មភាពពាណិជ្ជកម្មរបស់លោក ត្រាំ នឹងបង្ខំឱ្យទីក្រុងប៉េកាំងត្រូវតែចាត់វិធានការឆ្លើយតប ប៉ុន្តែនៅលើកនេះ ចិននឹងធ្វើវាដោយប្រុងប្រយ័ត្ន ជាជាងការសងសឹងដាក់គ្នាទៅវិញទៅមកដែលគេធ្លាប់ បានឃើញអំឡុងសង្រ្គាមពាណិជ្ជកម្ម កាលពីឆ្នាំ២០១៨ និងឆ្នាំ២០១៩ »។
កាលពីចុងឆ្នាំ២០២៤ ចិនបានពង្រឹងច្បាប់គ្រប់គ្រងលើការនាំចេញរបស់ខ្លួន ជាមួយការសំលៀងសមត្ថភាពឱ្យកាន់តែមុតស្រួច ដើម្បីរឹតត្បិតលើការនាំចេញផលិតផលដែលប្រើបានទាំងវិស័យឯកជន និងយោធា ព្រមទាំងរ៉ែកម្រ និងរ៉ែសំខាន់ៗ ក្នុងនោះមានទាំងរ៉ែមួយចំនួនដែលសហរដ្ឋអាមេរិកមើលឃើញថាមានសារៈសំខាន់បំផុតសម្រាប់សេដ្ឋកិច្ច ឬសន្តិសុខជាតិ។ ក្រុមអ្នកវិភាគវិញបានវាយតម្លៃថាចិនគ្រប់គ្រង ៦០ភាគរយនៃការផលិត និង៨៥ភាគរយនៃសមត្ថភាពដំណើរការ លើរ៉ែសំខាន់ៗរបស់ពិភពលោក។ តាមក្រុមអ្នកវិភាគ ចិននឹងធ្វើការវាយតម្លៃពីផលប៉ះពាល់ និងផលប្រយោជន៍ពាក់ព័ន្ធនឹងការប្រកាសលើ ការគ្រប់គ្រងបន្ថែមទៀតលើរ៉ែទាំងនោះ ព្រមទាំងការដំឡើងពន្ធបន្ថែម រួមជាមួយមធ្យោបាយដើម្បីការពារសេដ្ឋកិច្ចខ្លួនឯង ដែលកំពុងរងផលប៉ះពាល់ស្រាប់ពីកំណើនយឺតយ៉ាវ បរិត្តផរណា និងភាពទន់ខ្សោយនៃ តម្រូវការរបស់អ្នកប្រើប្រាស់។ ចិនក៏បានត្រៀមលក្ខណៈយ៉ាងល្អប្រសើរផងដែរលើមធ្យោបាយមួយចំនួន ពោលគឺល្អជាងកាលពីអំឡុងអាណត្តិទី១មួយរបស់លោក ត្រាំ។ ក្រុមហ៊ុនចិនបានធ្វើពិពិធកម្មគោលដៅ នាំចេញ ស្របពេលប៉េកាំងបានបង្កើនយុទ្ធនាការពង្រឹងទំនាក់ទំនង និងស្ដារទំនាក់ទំនងរបស់ខ្លួនឡើងវិញជាមួយដៃគូពាណិជ្ជកម្មដទៃ ជាឱកាសមួយសម្រាប់ចិនចាប់យក នៅពេលលោក ត្រាំ ធ្វើឱ្យមានការបែកបាក់ ណាមួយជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់សហរដ្ឋអាមេរិក។
ក៏ប៉ុន្តែ វាក៏នៅមានសំណួរមួយដែរ នោះគឺថាតើអ្វីទៅជាសម្បទានរបស់ចិន នៅក្នុងកិច្ចចរចាជាមួយសហរដ្ឋអាមេរិកស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ តាមក្រុមអ្នកវិភាគ ដោយសារតែបរាជ័យនៅក្នុងកិច្ចចរចាមុនៗ វានឹងធ្វើឱ្យចំណង់របស់សហរដ្ឋអាមេរិកសម្រាប់កិច្ចព្រមព្រៀងមួយ អាចនឹងដើរហួសពីកិច្ចពិភាក្សាកម្រិតតូចៗ តួយ៉ាងដូចជាអនាគតរបស់ TikTok ដែលកិច្ចពិភាក្សានៅពេលនេះមិនមានភាពរឹងមាំនោះទេ។ ដូច្នេះ វា អាចកាត់បន្ថយសក្តានុពលនៃការរកច្រកចេញរវាងសហរដ្ឋអាមេរិក និងចិន៕