(ញូវយ៉ក)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃអង្គារនេះ បានជំរុញឱ្យក្រុមហាម៉ាស់និងអ៊ីស្រាអែល បន្តអនុវត្តបទឈប់បាញ់នៅហ្គាហ្សា និងបន្តការដោះលែងចំណាប់ខ្មាំង ដោយព្រមានថា ការវិលត្រឡប់ទៅរកអរិភាពវិញនឹងនាំមកនូវ «សោកនាដកម្មដ៏ធំធេង»។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការអំពាវនាវនេះធ្វើឡើង បន្ទាប់ពីក្រុមហាម៉ាស់បានប្រកាសផ្អាកការដោះលែងចំណាប់ខ្មាំង បន្ថែម ដោយចោទប្រកាន់អ៊ីស្រាអែលថា បានរំលោភលក្ខខណ្ឌនៃកិច្ចព្រមព្រៀង។ ទោះជាយ៉ាងណាក្រុមហាម៉ាស់ត្រូវបានរំពឹងថា នឹងដោះលែងចំណាប់ខ្មាំងមួយក្រុមទៀតនៅថ្ងៃសៅរ៍នេះ ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន។

«ភាគីទាំងពីរត្រូវតែគោរពយ៉ាងពេញលេញ នូវការប្តេជ្ញាចិត្តរបស់ពួកគេនៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយបន្តការចរចានៅទីក្រុង Doha សម្រាប់ដំណាក់កាលទីពីរ» លោក Guterres បានបញ្ជាក់។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានដាក់សម្ពាធលើក្រុមហាម៉ាស់ ដោយគំរាមឱ្យលុបចោលបទឈប់បាញ់ ប្រសិនបើ មិនមានការដោះលែងចំណាប់ខ្មាំងទាំងអស់នៅពាក់កណ្តាលថ្ងៃសៅរ៍។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់ បានឆ្លើយតបដោយលើកឡើងថា បទឈប់បាញ់គឺជាផ្លូវតែមួយគត់ សម្រាប់ការដោះលែងចំណាប់ខ្មាំង៕