(ប្រ៊ុចសែល)៖ សហភាពអឺរ៉ុប (EU) និងកាណាដា នៅថ្ងៃអង្គារនេះបានប្រកាសពីការត្រៀមវិធានការតបតយ៉ាងខ្លាំងក្លា ក្រោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធលើការនាំចូលដែកនិងអាលុយមីញ៉ូមទាំងអស់ ដែលវិធានការថ្មីនេះនឹងចូលជាធរមាននៅថ្ងៃទី៤ ខែមីនា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ត្រាំ បានអះអាងថា ការដំឡើងពន្ធលើដែកនិងអាលុយមីញ៉ូមដល់ ២៥% ដោយ គ្មានការលើកលែងនេះ នឹងធ្វើឱ្យអត្រាពន្ធ «កាន់តែច្បាស់លាស់សម្រាប់ទាំងអស់គ្នា» ដោយអនុវត្តលើប្រទេសនានា មិនថានាំចូលមកពីប្រទេសណាឡើយ។ លើសពីនេះ លោក បានគំរាមដាក់ពន្ធលើផលិតផលផ្សេងទៀត រួមមានរថយន្ត គ្រឿងអេឡិចត្រូនិក និងឱសថ ព្រមទាំង «ពន្ធសងសឹក» ចំពោះប្រទេសណាដែលដាក់ពន្ធលើទំនិញរបស់ សហរដ្ឋអាមេរិក។
ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានថ្កោលទោសការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ដោយព្រមានពីប្រតិកម្មតបតយ៉ាងខ្លាំងនិងសមាមាត្រ ពីសំណាក់សហភាពអឺរ៉ុប។ ជម្រើសមួយក្នុងចំណោមជម្រើសទាំងនោះ គឺការដាក់ឱ្យដំណើរការឡើងវិញនូវពន្ធគយលើផលិតផលអាមេរិក ដែលធ្លាប់ត្រូវបានផ្អាកក្រោមកិច្ចព្រមព្រៀង រវាងភាគីទាំងពីរ កាលពីរដ្ឋបាលមុនៗ។
ដោយឡែក នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានហៅពន្ធថ្មីនេះថា «មិនអាចទទួលយកបាន» និងបានប្តេជ្ញាថា កាណាដានឹងឆ្លើយតបយ៉ាងរឹងមាំ ប្រសិនបើចាំបាច់។ កាណាដាគឺជាអ្នកផ្គត់ផ្គង់ដែកនិងអាលុយមីញ៉ូមដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ក្រៅពីដំឡើងពន្ធ លោក ត្រាំំ ក៏គ្រោងនឹងអនុវត្តស្តង់ដារថ្មីមួយទៀត លើដែក និងអាលុយមីញ៉ូម។ ស្តង់ដារនេះតម្រូវឱ្យដែកត្រូវឆ្លងកាត់ដំណើរការ «រំលាយនិងចាក់» ដោយចាប់ផ្តើមពីវត្ថុធាតុដើមរហូតដល់ចេញជាដុំ នៅក្នុងអាមេរិកខាងជើង។ ចំពោះអាលុយមីញ៉ូមវិញ ក៏ត្រូវឆ្លងកាត់ដំណើរការ «រំលាយនិងបោះ» នៅក្នុងអាមេរិកខាងជើងដូចគ្នាផងដែរ។ វិធានការនេះគឺដើម្បីទប់ស្កាត់ការនាំចូលលោហៈ ដែលគ្រាន់តែកែច្នៃបន្តិចបន្តួចពីចិននិងរុស្ស៊ី៕