(ហ្គាហ្សា)៖ ក្រុមហាម៉ាស់និយាយថា បទឈប់បាញ់គឺជាផ្លូវតែមួយគត់ សម្រាប់នាំយកចំណាប់ខ្មាំងអ៊ីស្រាអែលត្រឡប់មកផ្ទះវិញ ដោយច្រានចោល «ភាសាគំរាមកំហែង» របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រុមហាម៉ាស់ បានចាប់ផ្តើមដោះលែងចំណាប់ខ្មាំងខ្លះ ក្រោមបទឈប់បាញ់ដែលបានចូលជធរមានកាលពីថ្ងៃទី ១៩ មករា តែបានពន្យារពេលការដោះលែងបន្ថែម ដោយចោទអ៊ីស្រាអែលថារំលោភលក្ខខណ្ឌបទឈប់បាញ់។

លោក Sami Abu Zuhri មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់បានប្រាប់ Reuters ថា «ត្រូវតែចងចាំថា មានកិច្ចព្រមព្រៀងដែលត្រូវតែគោរពដោយភាគីទាំងពីរ ហើយនេះគឺជាមធ្យោបាយតែមួយគត់ ក្នុងការនាំយកអ្នកទោស (អ៊ីស្រាអែល) មកផ្ទះវិញ»

គួរបញ្ជាក់ លោក ត្រាំ កាលពីថ្ងៃចន្ទ ទី១០ ខែកុម្ភៈ បាននិយាយថា ក្រុមហាម៉ាសត្រូវតែដោះលែងចំណាប់ខ្មាំងឱ្យបានមុនថ្ងៃត្រង់ នៅថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ បើពុំដូច្នោះទេលោកនឹងប្រាប់ឱ្យអ៉ីស្រាអែល លុបចោលបទឈប់បាញ់ហ្កាហ្សា។ ប្រតិកម្មនេះ កើតមានឡើង បន្ទាប់ពីក្រុមហាម៉ាស គំរាមពន្យារពេលដោះលែងចំណាប់ខ្មាំង ដែលគ្រោងធ្វើឡើងនៅថ្ងៃសៅរ៍ ចុងសប្ដាហ៍ ចំពោះមុខការចោទប្រកាន់គ្នាទៅវិញទៅមក ពីការរំលោភបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ ជាមួយអ៉ីស្រាអែល៕