(ប៉េកាំង)៖ ថ្ងៃទី ១០ ខែកុម្ភៈ លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា ខ្លឹមសារពាក់ព័ន្ធចិនក្នុងសេចក្តីថ្លែងការណ៍រួមរបស់អាមេរិកនិងជប៉ុន ដែលចេញផ្សាយនាពេលថ្មីៗកន្លងទៅនេះ បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន យ៉ាងកម្រោល ក្នុងន័យវាយប្រហារនិងមួលបង្កាច់ប្រទេសចិន និងឃោសនាបំប៉ោងពី ស្ថានការណ៍ដ៏តានតឹងក្នុងតំបន់ ។ ទាក់ទិននឹងរឿងនេះ ប្រទេសចិនបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងការប្រឆាំងយ៉ាងដាច់ខាត ។ ប្រទេសចិនបានលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ ចំពោះអាមេរិកនិងជប៉ុនរួចហើយ។

លោក Guo Jiakun បានថ្លែងថា បញ្ហាតែវ៉ាន់ជាកិច្ចការផ្ទៃក្នុងរបស់ចិនដ៏សុទ្ធសាធ ហើយក៏ជាស្នូលក្នុងផលប្រយោជន៍ស្នូល របស់ចិន វាមិនអនុញ្ញាតឱ្យកម្លាំងខាងក្រៅណាមួយ មកជ្រៀតជ្រែកជាដាច់ខាត ។ ក្នុងបញ្ហាតៃវ៉ាន់ រដ្ឋាភិបាលនៃប្រទេសទាំងពីរ អាមេរិកនិងជប៉ុន សុទ្ធតែបានធ្វើពាក្យសន្យាយ៉ាងម៉ឺងម៉ាត់ចំពោះប្រទេសចិន ជាពិសេសគឺប្រទេសជប៉ុន ដែលមានទោសដ៏ធ្ងន់ធ្ងរក្នុងប្រវតិ្តសាស្ត្រឈ្លានពាន និងធ្វើអាណានិគមនៅកោះតៃវ៉ាន់ គួរតែបញ្ចេញមតិនិងធ្វើសកម្មភាព ដោយមធ្យ័តក្នុងបញ្ហាតៃវ៉ាន់ទៅទៀត។

លោក Guo Jiakun បានលើកឡើងទៀតថា តាំងពីដើមមក កោះ Diao Yu និងកោះជុំវិញជាទឹកដីមានស្រាប់របស់ចិន ។ ប្រទេសចិនធ្វើសកម្មភាពនៅលំហសមុទ្រពាក់ព័ន្ធ គឺស្របច្បាប់និងសមហេតុសមផល ។ ជានិច្ចកាល ប្រទេសចិន តែងតែធ្វើការតាមក្បួនច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក ហ្វីដែលហៅ “ការឈ្លានពានខាងសេដ្ឋកិច្ចរបស់ចិន” គឺជាការចោទប្រកាន់ដោយគ្មានហេតុផល ។ លោកបានថ្លែងថា ប្រទេសចិនដាស់តឿនអាមេរិកនិងជប៉ុន គោរពគោលការណ៍ចិនតែមួយ និងពាក្យសន្យារបស់ខ្លួន បញ្ឈប់ជាបន្ទាន់នូវការជៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ហើយមិនត្រូវបញ្ចេញសញ្ញាខុសឆ្គងទៅកាន់កម្លាំង “ចង់ឱ្យតៃវ៉ាន់ឯករាជ្យ”ទោះតាមទម្រង់ណាក៏ដោយ ក្នុងន័យដើរតួនាទី ប្រកបដោយលក្ខណៈស្ថាបនាក្នុងការរក្សាសន្តិភាពនិងវឌ្ឈនភាព ក្នុងតំបន់តាមសកម្មភាពជាក់ស្តែង៕

វិទ្យុមិត្តភាពកម្ពុជាចិន