(ប៉េកាំង)៖ ធ្វើដំណើរទៅកាន់ក្រុង Harbin ដើម្បីទទួលអារម្មណ៍ពីបរិយាកាសនៃព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា ធ្វើដំណើរទៅកាន់តំបន់ Altay នៃភូមិភាគស្វយ័ត Xinjiang ដើម្បីជិះស្គីទឹកកកដ៏អស្ចារ្យ ធ្វើដំណើរទៅកាន់តំបន់ Gangshka ខេត្ត Qinghai ដើម្បីឡើងភ្នំព្រិលទីមួយក្នុងបទពិសោធន៍ជីវិតរបស់ខ្លួន ។ល។ ប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់នានានៃប្រទេសចិន បានអភិវឌ្ឍយ៉ាងខ្លាំងក្លានូវកីឡាព្រិលទឹកកក និងឧស្សាហកម្មព្រិលទឹកកកតាមលក្ខខណ្ឌរៀងៗខ្លួន ដែលបានបំផុសភាពរស់រវើក នៃសេដ្ឋកិច្ចព្រិលទឹកកក ធ្វើឱ្យទម្រង់ទេសចរណ៍វប្បធម៌រដូវរងា មានភាពសម្បូរបែបដែលសម្រេចបាននូវ "ការលោតផ្លោះជាប្រវត្តិសាស្ត្រពី "ធនធានត្រជាក់" ទៅជា"សេដ្ឋកិច្ចក្តៅ" ។
ព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាលើកទី ៩ បានបើកធ្វើយ៉ាងឱឡារិកនៅទីក្រុង Harbin ខេត្ត Heilongjiang ប្រទេសចិននៅយប់ថ្ងៃទី ៧ ខែកុម្ភៈ ។ ព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាលើកនេះ គឺជាព្រឹត្តិការណ៍កីឡាព្រិលទឹកកកអន្តរជាតិ ដ៏ចម្រុះសំខាន់ៗមួយលើកទៀតដែលប្រទេសចិន បានរៀបចំធ្វើបន្ទាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង នេះហើយក៏ជាលើកទីបី ដែលប្រទេសចិន ធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាផងដែរ។
ចាប់តាំងពីក្រុងប៉េកាំងបានស្នើសុំរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងដោយជោគជ័យមក ឧស្សាហកម្មព្រិលទឹកកក បានឡើងកម្តៅយ៉ាងឆាប់រហ័ស ព្រមទាំងបានបង្ហាញពី សក្តានុពលអភិវឌ្ឍន៍ដ៏ខ្លាំងក្លា ។ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៤ «សេចកី្តណែនាំមួយចំនួនស្តីពីការបំផុសកម្លាំងរស់រវើក នៃសេដ្ឋកិច្ចព្រិលទឹកកកតាមរយៈការអភិវឌ្ឍ កីឡាព្រិលទឹកកកប្រកបដោយកម្រិតខ្ពស់»ត្រូវបានចេញផ្សាយ ក្នុងគោលបំណងពង្រឹងនិងពង្រីកសមិទ្ធផលនៃ "ការជំរុញឱ្យប្រជាជនបីរយលាននាក់ចូលរួម កីឡាព្រិកទឹកកក"ដើម្បីជំរុញឱ្យសេដ្ឋកិច្ចព្រិលទឹកកកក្លាយទៅជាចំណុចកំណើនថ្មីមួយ។
នាពេលបច្ចុប្បន្ននេះ តំបន់នានានៃប្រទេសចិនបានប្រើប្រាស់នូវធនធានទេសចរណ៍រៀងៗខ្លួន ដាក់ចេញនូវសកម្មភាពពិសេសមួយចំនួន ដែលរួមបញ្ចូលគ្នាដោយពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍និងកីឡា ដូចជា"ព្រិលទឹកកក+ដើរទិញអីវ៉ាន់" "ព្រិលទឹកកក+អាហារឆ្ងាញ់" "ព្រិលទឹកកក+ទេសចរណ៍"និង"ព្រិលទឹកកក+កីឡា"ជាដើម ។ ដោយឡែកនៅក្រុង Harbin ខេត្ត Heilongjiang ទីក្រុងទាំងមូលកំពុងបង្កើតទម្រង់ថ្មីនិងទិដ្ឋភាពថ្មី ជុំវិញព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាលើកទី ៩។ ទីក្រុង Bayannur ភូមិភាគស្វយ័តម៉ុងហ្គោលីក្នុងបានរៀបចំ មហោស្រពព្រិលទឹកកក ដើម្បីចាប់ផ្តើមរដូវកាលទេសចរណ៍ព្រិលទឹកកកក្នុងតំបន់ សកម្មភាពជិះស្គីលើកដំបូងសម្រាប់ទេសចរណ៍ ព្រិលទឹកកកនៅរដូវរងាឆ្នាំ ២០២៤-២០២៥ បានធ្វើឡើងនៅស្រុក Urumqi ភូមិភាគស្វយ័ត Xinjiang អ្នកនិយមចូលចិត្ត កីឡាជិះស្គីទឹកកកមកពីតំបន់នានាលើពិភពលោក បានទទួលអារម្មណ៍យ៉ាងពេញលេញពីភាពសប្បាយរីករាយ លើផ្លូវព្រិលទឹកកក នៅខេត្ត Jilin និងខេត្ត Liaoning ជាដើម ទម្រង់ឧស្សាហកម្មដ៏សម្បូរបែប ដូចជាការប្រកួតនៃវិញ្ញាសាលើព្រិលទឹកកក និងវប្បធម៌ព្រិលទឹកកកជាដើម កំពុងរំលេចចេញឥតឈប់ឈរ ដែលបានបំពេញបន្ថែមនូវកម្លាំងរស់រវើកថ្មី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងតំបន់។
សេដ្ឋកិច្ចព្រិលទឹកកក គឺចាប់ផ្តើមពីព្រិលទឹកកក តែវាមានអត្ថន័យមិនត្រឹមតែប៉ុណ្ណឹងទេ ។ តាមទិន្នន័យដែលចេញផ្សាយដោយ «របាយការណ៍សិក្សាស្រាវជ្រាវអំពីការអភិវឌ្ឍឧស្សាហកម្ម ព្រិលទឹកកករបស់ប្រទេសចិន(២០២៥)»បង្ហាញឱ្យឃើញថា ចំនួនអ្នកទេសចរកម្សាន្តព្រិលទឹកកកនៃប្រទេសចិន ក្នុងអំឡុងរដូវព្រិលទឹកកកពីឆ្នាំ ២០២៤ ដល់ ២០២៥ ត្រូវបានរំពឹងថានឹងកើនឡើងដល់ ៥២០ លាននាក់ ហើយប្រាក់ចំណូលខាងវិស័យទេសចរណ៍ត្រូវបានរំពឹងថា នឹងមានចំនួនលើសពី ៦៣០ ប៊ីលានយាន់ប្រាក់ចិន ។ តាមទិន្នន័យផ្សេងទៀតព្យាករណ៍ថា ដល់ឆ្នាំ ២០២៧ ទំហំសរុបនៃសេដ្ឋកិច្ចព្រិលទឹកកករបស់ចិននឹងឡើងដល់ ១,២ ទ្រីលានយាន់ប្រាក់ចិន ហើយដល់ឆ្នាំ ២០៣០ ទំហំសរុបនៃសេដ្ឋកិច្ចព្រិលទឹកកករបស់ចិននឹងឡើងដល់ ១,៥ ទ្រីលានយាន់ប្រាក់ចិន។
ការឡើងកម្ដៅជាបន្តបន្ទាប់នៃសេដ្ឋកិច្ចព្រិលទឹកកកបានជំរុញយ៉ាងខ្លាំងក្លានូវការវិវឌ្ឍរីកចម្រើនយ៉ាងផុលផុសនៃខ្សែសង្វាក់ឧស្សាហកម្មពាក់ព័ន្ធដូចជា ឧស្សាហកម្មសេវាកម្ម និងមុខរបរភោជនីយដ្ឋានជាដើម ។ ដោយឡែកនៅឆ្នាំនេះ ក្រសួងវប្បធម៌និងទេសចរណ៍ចិន បានប្រកាសផែនទីទេសចរណ៍នៅតំបន់ព្រិលទឹកកកល្អៗចំនួន១២កន្លែង "ព្រិលទឹកកក+ទំនៀមទំលាប់ប្រពៃណី” “កីឡា+ទេសចរណ៍” ធ្វើឱ្យប្រជាជនកាន់តែច្រើនឡើងៗ ចូលចិត្តធ្វើទេសចរណ៍នៅតំបន់ព្រិលទឹកកក ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។
"ព្រិលទឹកកកក៏ជាភ្នំមាសនិងភ្នំប្រាក់ដែរ "។ នៅពេលរៀបចំចាត់ចែងការងារសេដ្ឋកិច្ចឆ្នាំ ២០២៥ សន្និសីទការងារសេដ្ឋកិច្ចមជ្ឈិមចិន បានលើកឡើងយ៉ាងច្បាស់លាស់ថា ត្រូវអភិវឌ្ឍសេដ្ឋកិច្ចព្រិលទឹកកកយ៉ាងសកម្ម ។ តំបន់ព្រិលទឹកកកដែលធ្លាប់ធ្វើឱ្យអ្នកផងមិនអាចដើរចេញពីផ្ទះ បច្ចុប្បន្ននេះវាបានទាក់ទាញភ្ញៀវទេសចរ ដែលមកពីគ្រប់ទិសទី លើពិភពលោកឱ្យទៅទស្សនាកម្សន្ត ហើយបានក្លាយជាធនធានទេសចរណ៍ ដែលទទួលប្រជាប្រិយភាពយ៉ាងខ្លាំង ។ នៅពីក្រោយ "សន្ទុះដ៏ខ្លាំងក្លារបស់ព្រិលទឹកកក" គឺជាការអនុវត្តដោយជោគជ័យនៃ "ព្រិលទឹកកកក៏ជាភ្នំមាសនិងភ្នំប្រាក់ដែរ" ដែលជាការបង្ហាញយ៉ាងខ្លាំងក្លានូវភាពរស់រវើកនៃសេដ្ឋកិច្ចនិងសង្គមរបស់ចិន។
ប្រទេសចិនមានប្រភពធនធានព្រិលទឹកកកដ៏សម្បូរបែប និងមានលក្ខខណ្ឌធម្មជាតិដ៏វិសេសវិសាល។ ភូមិ Beiji ទីក្រុង Mohe នៃខេត្ត Heilongjiang ស្ថិតនៅចុងខាងជើង នៃដីគោកប្រទេសចិន សីតុណ្ហភាពគិតជាមធ្យមក្នុងរយៈពេលជាង ៧ ខែក្នុងមួយឆ្នាំ គឺ ក្រោមសូន្យអង្សាសេ ។ នាង Shi Ruijuan ដែលជាអ្នកភូមិ Beiji បានបើកផ្ទះសំណាក់មួយ ដែលចំនួនបន្ទប់ភ្ញៀវ បានកើនឡើងពី ៣ ដល់ ៨ បន្ទប់ ហើយការកក់បន្ទប់បានកើនឡើងពីការ "រង់ចាំភ្ញៀវមក" នៅពេលដំបូងទៅជាការ "បញ្ជាទិញដ៏ពេញនិយមខ្លាំង" ។ ផ្ទះសំណាក់នេះដែលទទួលការអភិវឌ្ឍ ពីអតីតកាលរហូតដល់បច្ចុប្បន្ននេះ បានធ្វើជាសក្សីនៃការក្លាយជា"ភ្នំមាសនិងភ្នំប្រាក់ "នៃតំបន់ព្រិលទឹកកក។
នៅតំបន់នានានៃប្រទេសចិន ភូមិឃុំដូចភូមិ Beiji អ៊ីចឹងដែលទទួលការអភិវឌ្ឍដោយពឹងផ្អែកលើ សេដ្ឋកិច្ចព្រិលទឹកកកក៏មាន ចំនួនរាប់ពាន់រាប់ម៉ឺនផងដែរ។ ស្រុក Chongli ខេត្ត Hebei ធ្លាប់ត្រូវបានបិទដោយព្រិលធ្លាក់ខ្លាំងខណៈពេលរដូវរងាចូលមកដល់ បច្ចុប្បន្ននេះ ទីនេះបានក្លាយជារមណីយដ្ឋានជិះស្គីដ៏ល្បីល្បាញលើទូទាំងពិភពលោក ។ ស្រុក Chongli ដែលធ្លាប់ជាស្រុកក្រីក្រ បានបម្រះខ្លួនចេញផុតពីភាពក្រីក្រ ហើយកំពុងឆ្ពោះទៅរកការស្តារនិងអភិវឌ្ឍជនបទ។
នៅភូមិ Hantun ខេត្ត Jilin អ្នកភូមិបានពឹងផ្អែកលើការធ្វើស្រែចំការ ដើម្បីទ្រទ្រង់ជីវភាពជាច្រើនជំនាន់មកហើយ បច្ចុប្បន្ននេះ ដោយពឹងផ្អែកលើទេសភាពធម្មជាតិ ដែលគ្រប់ដណ្តប់ដោយព្រិល ក្នុងតំបន់និងវប្បធម៌និងទំនៀមទម្លាប់ជនជាតិ Man បានអភិវឌ្ឍឧស្សាហកម្មទេសចរណ៍ ដែលបានក្លាយជា"ភូមិធូរធារ"ដ៏ល្បីឈ្មោះក្នុងតំបន់ជុំវិញ ។
ភូមិ Hongxin នៃភូមិភាគស្វយ័តម៉ុងហ្គោលីក្នុងគឺជាភូមិភ្នំតូចមួយដែលមានប្រជាជនជាង ៨០០ នាក់តែប៉ុណ្ណោះ ដោយពឹងផ្អែកលើប្រភពធនធានព្រិលទឹកកក គិតមកទល់ខែកុម្ភៈ ឆ្នាំ ២០២៤ ភូមិនេះបានទាក់ទាញអ្នកនិយម ចូលចិត្តកីឡាព្រិលទឹកកកចំនួន ១ សែននាក់មកពីគ្រប់ទិសទីទូទាំងប្រទេសចិន មកទស្សនាកម្សាន្ត។ វប្បធម៌ព្រិលទឹកកកក្នុងតំបន់បានធ្វើឱ្យភូមិ Hongxin ក្លាយជា "ភូមិល្បីតាមអ៊ីនធឺណែត"។
ក្រោមការជំរុញពី "សន្ទុះដ៏ខ្លាំងក្លារបស់ព្រិលទឹកកក" ចំនួនអ្នកទេសចរបានកើនឡើងយ៉ាងខ្លាំង សេដ្ឋកិច្ចព្រិលទឹកកក ត្រូវបានលើកកម្ពស់ ហើយប្រភពធនធានព្រិលទឹកកក កំពុងធ្វើឱ្យជនបទធំនិងតូចនៅទូទាំងប្រទេសចិន មានការពេញនិយមយ៉ាងខ្លាំង ដើម្បីជំរុញការស្តារនិងអភិវឌ្ឍជនបទដោយគ្រប់ជ្រុងជ្រោយ។
ការអភិវឌ្ឍយ៉ាងផុលផុសនៃសេដ្ឋកិច្ចព្រិលទឹកកកកំពុងបញ្ចេញនូវកម្លាំងជីវិតនិងភាពរស់រវើកដ៏ច្រើនសន្ធឹក ។ ស្របពេលដែលតំបន់នានា បានបញ្ចេញនូវ "កម្លាំងចលករដោយព្រឹលទឹកកក" ជាបន្តបន្ទាប់ សេដ្ឋកិច្ចព្រិលទឹកកក មុខជានឹងបន្តបង្កើតជា"អច្ឆរិយព្រិលទឹកកក"របស់ប្រទេសចិនជាមិនខាន ហើយ"សន្ទុះដ៏ខ្លាំងក្លារបស់ព្រិលទឹកកក" មុខជានឹងជំរុញឧស្សាហកម្មពាក់ព័ន្ធឱ្យ ទទួលប្រជាប្រិយភាពខ្លាំងជាក់ជាមិនខាន ដើម្បីផ្តល់នូវកម្លាំងជំរុញដ៏ខ្លាំងក្លា សម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ របស់ប្រទេសចិន៕
វិទ្យុមិត្តភាពកម្ពុជាចិន