(ញូវដេលី)៖ លោក V. Anantha Nageswaran ប្រធានទីប្រឹក្សាសេដ្ឋកិច្ចរបស់រដ្ឋាភិបាល បាននិយាយនៅថ្ងៃអង្គារ ទី១១ ខែកុម្ភៈថា ឥណ្ឌា ប្រហែលជាមិនដកបម្រាមលើការវិនិយោគរបស់ចិន ចូលមកក្នុងប្រទេស នាពេលឆាប់ៗនេះឡើយ ដោយវាទាមទារឱ្យភាគីទាំងពីរ យល់ពីការពឹងផ្អែក និងផលប្រយោជន៍ទៅវិញទៅមក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅពេលត្រូវបានសួរថា តើឥណ្ឌាកំពុងពិចារណាផ្លាស់ប្តូរ គោលនយោបាយរបស់ខ្លួន លើការវិនិយោគរបស់ចិនឬទេ? លោកបានគូសបញ្ជាក់ក្នុងព្រឹត្តិការណ៍មួយ នៅឯទីក្រុង Mumbai ថា «ខ្ញុំមិនគិតថាអ្វីដែលអ្នករំពឹង នឹងឃើញលទ្ធផលភ្លាមៗនោះទេ ព្រោះភាគីទាំងពីរកំពុងឆ្លងកាត់ស្ថានភាព ដែលមានរបាំង»។
គួរបញ្ជាក់ថា ឥណ្ឌា បានរឹតបន្តឹងការត្រួតពិនិត្យលើការវិនិយោគពីក្រុមហ៊ុនចិន ចាប់តាំងពីឆ្នាំ ២០២០មកម្ល៉េះ ខណៈដែលទំនាក់ទំនង នៃប្រទេសប្រដាប់ដោយនុយក្លេអ៊ែរទាំងពីរនេះ កាន់តែតានតឹង ក្រោយទាហានពួកគេប៉ះទង្គិចគ្នា នៅតំបន់ព្រំដែនហិម៉ាឡៃ និងដែលមិនអាចបោះបង្គោលព្រំដែនបានឡើយ ចាប់តាំងពីពេលនោះមក។
តាមលោក Nageswaran ឥណ្ឌា ស្ថិតក្នុងចំណោមប្រទេសធំចំនួន ៣ ដែលមានអតុល្យភាពពាណិជ្ជកម្មជាមួយចិន ជាមួយនិងឱនភាពពាណិជ្ជកម្ម ទំហំចាប់ពី ៩៣ពាន់លានដុល្លារទៅ ៩៥ពាន់លានដុល្លារ។ ឥណ្ឌា កំពុងជំរុញឱ្យមានកិច្ចសន្ទនាជាមួយចិន ជុំវិញឱនភាពពាណិជ្ជកម្មនេះ៕