Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ្សេលេនស្គី ថា ក្រុមមន្រ្តីរបស់លោក ត្រាំ នឹងទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ជាលើកដំបូង ក្នុងសប្តាហ៍នេះ

11-02-2025 14:43

(កៀវ)៖ កាលពីថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា មន្រ្តីនៃរដ្ឋបាលរបស់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរមកកាន់អ៊ុយក្រែន ក្នុងសប្តាហ៍នេះជាលើកដំបូង ស្របពេលដែល​កិច្ចប្រឹងប្រែងការទូតសំដៅស្វែងរកទីបញ្ចប់ សម្រាប់សង្រ្គាមរវាងអ៊ុយក្រែននិងរុស្ស៉ី កំពុងតែកើនឡើង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។

លោក ហ្សេលេនស្គី ដែលកំពុងព្យាយាមកសាងទំនាក់ទំនងជិតស្និទ្ធជាមួយ លោក ត្រាំ​ ខណៈលោកប្រធានាធិបតីអាមេរិក ព្យាយាម​ចង់បញ្ចប់សង្រ្គាមបង្ហូរឈាម ឱ្យបានឆាប់រហ័សនោះ បាននិយាយថា ទស្សនកិច្ចរបស់ក្រុមមន្រ្តីអាមេរិក នឹងប្រព្រឹត្តទៅ មុនសន្និសីទសន្តិសុខទីក្រុង Munich ក្នុងប្រទេសអាល្លឺម៉ង់ ដែលត្រូវចំថ្ងៃទី១៤-១៦ ខែកុម្ភៈ ប៉ុន្តែលោក មិនបានបញ្ជាក់ឱ្យច្បាស់ថា តើមន្រ្តីអាមេរិករូបណាខ្លះឱ្យប្រាកដ ដែលនឹងមកធ្វើទស្សនកិច្ចឡើយ។ បើតាមលោក ហ្សេលេនស្គី រូបលោកក៏គ្រោងជួប លោក JD Vance ដែលជាអនុប្រធានាធិបតីអាមេរិក នៅសន្និសីទ Munich ផងដែរ ហើយក្រុមមន្រ្តីរបស់លោក កំពុងធ្វើការ ដើម្បីព្យាយាមរៀបចំជំនួប ជាមួយលោក ត្រាំ ផ្ទាល់។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានដើរតួនាទីជា សម្ព័ន្ធមិត្តសំខាន់ជាងគេបង្អស់របស់អ៊ុយក្រែន ចាប់តាំងពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ី បានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយឥឡូវនេះ ទីក្រុងកៀវ កំពុងខិតខំយកចិត្ត រដ្ឋបាលលោក ត្រាំ តាមរយៈការផ្តល់សំណើបង្កើតភាពជាដៃគូ ដើម្បីអភិវឌ្ឍកន្លែងរុករកធនធានរ៉ែកម្រ ដែលលោក ត្រាំ ចង់បាន។ លោក ហ្សេលេនស្គី ធ្លាប់បាននិយាយថា វាគឺជារឿងសំខាន់ ដែលរូបលោកត្រូវជួបជជែកគ្នាដោយផ្ទាល់ ជាមួយលោក ត្រាំ ដើម្បីសម្រេច​លើយុទ្ធសាស្រ្ត មុនពេលលោក ត្រាំ ទៅអង្គុយចរចាជាមួយ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន៕