(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី១០ ខែកុម្ភៈ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ស្តីពីការយកពន្ធក្នុងអត្រា២៥ភាគរយ លើដែកថែបនិងអាលុយមីញ៉ូម ដែលនាំចូលសហរដ្ឋអាមេរិក ដោយមិនមានការលើកលែង ដើម្បីជួយឧស្សាហកម្មក្នុងស្រុក ដែលកំពុងជួបការលំបាក ប៉ុន្តែវាត្រូវបានមើលឃើញថា អាចនឹងបង្កើនហានិភ័យ សង្រ្គាមពាណិជ្ជកម្មច្រើនទិស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក ត្រាំ បាននិយាយថា ចំណាត់ការខាងលើ មានគោលដៅបំបាត់ភាពស្មុគស្មាញ នៃការយកពន្ធលើលោហៈទាំងពីរប្រភេទ ដើម្បីឱ្យគ្រប់គ្នាងាយស្រួលយល់ ពោលគឺវាជាការយកពន្ធ២៥ភាគរយ ដោយគ្មានការលើកលែង និងអនុគ្រោះអ្វីទាំងអស់ ហើយ​អនុវត្តលើប្រទេសនានា មិនថានាំចូលមកពីប្រទេសណាឡើយ។ យ៉ាងណាមិញ ក្រោយមក លោក ត្រាំ បាននិយាយថា លោកនឹងពិចារណាលើ សំណើចង់សុំមានការលើកលែងពីសំណាក់អូស្រ្តាលី លើពន្ធដែកថែប។

គួរបញ្ជាក់ថា បើតាមបទបញ្ជាប្រតិបត្តិរបស់លោក ត្រាំ ការយកពន្ធ២៥ភាគរយនោះ នឹងត្រូវចាប់អនុវត្តពីថ្ងៃទី១២ ខែមីនា។ ប្រទេសដែលជាអ្នកនាំចូលធំៗ នូវដែកថែបនិងអាលុយមីញ៉ូម មកកាន់សហរដ្ឋអាមេរិក​ រួមមានដូចជាកាណាដា ប្រេស៉ីល ម៉ិកស៉ិក និងកូរ៉េខាងត្បូង ជាដើម។ អំឡុងអាណត្តិទី១ កាលពីឆ្នាំ២០១៧ ដល់២០២១ លោក ត្រាំ ធ្លាប់ចេញវិធានការដំឡើងពន្ធគយ​យ៉ាងទូលំទូលាយ ក្រោមគោលដៅការពារឧស្សាហកម្មអាមេរិក ដែលរូបលោកជឿថា បានប្រឈមការប្រកួតប្រជែងមិនស្មើភាព ពីសំណាក់ប្រទេសនៅទ្វីបអាស៉ី ក៏ដូចជាអឺរ៉ុប៕