(គែរ)៖ រដ្ឋមន្រ្តីការបរទេសអេហ្ស៉ីប លោក Badr Abdelatty បានប្រាប់រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃចន្ទសប្តាហ៍នេះថា បណ្តារដ្ឋអារ៉ាប់មិនទទួលយកផែនការសម្រាប់តំបន់ហ្កាហ្សា របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលនឹងនាំទៅដល់ការជម្លៀសប្រជាជនប៉ាឡេស្ទីន ហើយសហរដ្ឋអាមេរិកនឹងគ្រប់គ្រងតំបន់នោះឡើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ ២០២៥។
ក្រសួងការបរទេសអេហ្ស៉ីប បានឱ្យដឹងថា ការបញ្ជាក់របស់លោក Abdelatty ធ្វើឡើងក្នុងកិច្ចប្រជុំមួយនៅទីក្រុងវ៉ាស៉ីនតោន ជាមួយនិងការសង្កត់ធ្ងន់លើសារៈសំខាន់នៃការពន្លឿន ការងារកសាងតំបន់ហ្កាហ្សាឡើងវិញ ដោយទុកឱ្យប៉ាឡេស្ទីនស្ថិតនៅទីនោះដដែល។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក បន្ទាប់ពីកិច្ចប្រជុំនោះ មិនបាននិយាយពីផែនការរបស់លោក ត្រាំ ទេ ប៉ុន្តែថាលោក Rubio បានរំលឹកឡើងវិញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ក្នុងការជំរុញផែនការក្រោយសង្រ្គាម សម្រាប់អភិបាលកិច្ច និងសន្តិសុខនៃតំបន់ហ្កាហ្សា ហើយថាក្រុមហាម៉ាស់មិនអាចគ្រប់គ្រងតំបន់នោះ ឬគំរាមកំហែងដល់អ៉ីស្រាអែលម្តងទៀតឡើយ។
គួរបញ្ជាក់ថា លោក ត្រាំ បានស្នើឡើងជាលើកដំបូង នៅថ្ងៃទី២៥ ខែមករា ឱ្យអេហ្ស៉ីប និងហ្ស៊កដានី ទទួលយកជនជាតិប៉ាឡេស្ទីនបន្ថែមទៀត ពីតំបន់ហ្កាហ្សា។ ប៉ុន្មានថ្ងៃក្រោយមក លោកបានស្នើឡើងទៀតថា ឱ្យសហរដ្ឋអាមេរិកកាន់កាប់តំបន់នោះ ហើយផ្លាស់ទីលំនៅរបស់ជនជាតិប៉ាឡេស្ទីន ជាអចិន្ត្រៃយ៍តែម្តង ដោយគ្មានសិទ្ធិត្រឡប់មកវិញ៕