(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ក្រសួងយុត្តិធម៌អាមេរិក បានណែនាំដល់រដ្ឋអាជ្ញាសហព័ន្ធនៅទីក្រុង New York ឱ្យទម្លាក់ការចោទប្រកាន់ពីបទពុករលួយ ប្រឆាំងអភិបាលក្រុង New York លោក Eric Adams ដោយអះអាងថា ករណីនេះកំពុងបង្អាក់ដែនសមត្ថកិច្ចរបស់លោក ក្នុងការអនុវត្តវិធាការបង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ ២០២៥។
លោក Adams មកពីគណបក្សប្រជាធិបតេយ្យ កាលពីខែកញ្ញា ឆ្នាំមុន បានរងការចោទប្រកាន់ ៥ករណី ពាក់ព័ន្ធនឹងការទទួលផលប្រយោជន៍ពីដំណើរទស្សនកិច្ចរបស់មន្ត្រីតួកគី ការបរិច្ចាគខាងនយោបាយពីជនបរទេស ជាថ្នូរនឹងការចាត់វិធានការដើម្បីផ្តល់ប្រយោជន៍ដល់ប្រទេសតួកគី។ ប៉ុន្តែលោក Adams អាយុ ៦៤ឆ្នាំ បានប្រកែកថា លោកត្រូវបានគេកំណត់គោលដៅដោយអយុត្តិធម៌ ពីព្រោះលោកបាន រិះគន់គោលនយោបាយអន្តោប្រវេសន៍ របស់អតីតរដ្ឋាភិបាលលោក បៃដិន។
សវនាការកាត់ក្តីលើសំណុំរឿងរបស់ លោក Adams គ្រោងចាប់ផ្តើមនៅថ្ងៃទី២១ ខែមេសា មុនការបោះឆ្នោតបឋមរបស់បក្សប្រជាធិបតេយ្យ នៅខែមិថុនា សម្រាប់ការប្រកួតប្រជែងតំណែងអភិបាលក្រុង New York។ ត្រង់ចំណុចនេះ ក្រសួងយុត្តិធម៌អាមេរិក បានស្នើឡើងថា ការដកតំណែងលោក Adams មិនទាន់អាចធ្វើទៅបានទេ។ រដ្ឋអាជ្ញាគួរតែទម្លាក់ការចោទប្រកាន់សិន លុះត្រាតែដល់ពេល លោក Adams ត្រូវបង្ហាញខ្លួនក្នុងតុលាការម្តងទៀត។
គួរបញ្ជាក់ថា នេះជាកិច្ចអន្តរាគមន៍មិនធ្លាប់មានពីមុន ដោយក្រុមមន្ត្រីក្រសួងយុត្តិធម៌អាមេរិក ក្នុងបទល្មើសព្រហ្មទណ្ឌកម្រិតធ្ងន់របស់រដ្ឋអាជ្ញា នៅសង្កាត់ភាគខាងត្បូង នៃទីក្រុង New York។ គិតត្រឹមយប់ថ្ងៃចន្ទ (ម៉ោងក្នុងតំបន់) រដ្ឋអាជ្ញាមិនទាន់បញ្ជាក់ ពីគម្រោងទម្លាក់ចោលសំណុំរឿងនេះទេ។ ចំណេកលោក Nicholas Biase អ្នកនាំពាក្យការិយាល័យសង្កាត់ Manhattan បានបដិសេធធ្វើអត្ថាធិប្បាយ៕