(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងជើង នៅថ្ងៃអង្គារ ទី១១ ខែកុម្ភៈបាននិយាយថាសហរដ្ឋអាមេរិកបានបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខសាជាថ្មី តាមរយៈការបញ្ជូននាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរមួយគ្រឿងចូលចតនៅឯកំពង់ផែមួយរបស់កូរ៉េខាងត្បូង។ នេះបើតាម KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងថាយោធាកូរ៉េខាងជើងបានត្រៀមខ្លួនជាស្រេចដើម្បីចាត់វិធានការចាំបាច់។ តាម KCNA ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការពារជាតិកូរ៉េខាងជើង បានបន្ថែមថា «វត្តមានរបស់នាវាមុជទឹកនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឧបទ្វីបកូរ៉េ បានបង្ហាញយ៉ាងច្បាស់ពីទង្វើប្រឆាំងនឹងកូរ៉េខាងជើង...យើងបង្ហាញការព្រួយបារម្ភធ្ងន់ធ្ងរ ជុំវិញ សកម្មភាពយោធាអរិភាពរបស់សហរដ្ឋអាមេរិក ដែលអាចនឹងប្រែក្លាយការប្រឈមមុខដាក់គ្នាដោយយោធានៅក្នុងតំបន់ជុំវិញឧបទ្វីបកូរ៉េ ទៅជាជម្លោះប្រដាប់អាវុធពិតប្រាកដ។ តែយើងនឹងមិនស្ទាក់ស្ទើរ ឡើយក្នុងការអនុវត្តសិទ្ធិស្របច្បាប់ ដើម្បីដាក់ទណ្ឌកម្មលើពួកបង្ករឿង»

គួរបញ្ជាក់ថា ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឱ្យដឹងថានាវាមុជទឹកនុយក្លេអ៊ែរអាមេរិក USS Alexandria បានចូលចតនៅឯកំពង់ផែនៃទីក្រុង Busan កាលពីថ្ងៃចន្ទ សម្រាប់ការផ្គត់ផ្គង់ និងអនុញ្ញាត ឱ្យនាវិកនៅលើនាវាមុជទឹកនេះបានសម្រាក ក៏ដូចជាផ្ដល់ឱកាសឱ្យកងទ័ពជើងទឹកនៃប្រទេសទាំង២លើកកម្ពស់ការផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមក៕