(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី១០ ខែកុម្ភៈ បាននិយាយថាក្រុមហាម៉ាសត្រូវតែដោះលែងចំណាប់ខ្មាំងឱ្យបានមុនថ្ងៃត្រង់ នៅថ្ងៃសៅរ៍ ចុងសប្ដាហ៍ខាងមុខនេះ បើពុំដូច្នោះទេលោកនឹងប្រាប់ឱ្យអ៉ីស្រាអែលលុបចោលបទឈប់បាញ់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រតិកម្មរបស់លោក ត្រាំ កើតមានឡើងបន្ទាប់ពីក្រុមហាម៉ាសបានគំរាមពន្យារពេលការដោះលែងចំណាប់ខ្មាំងដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃសៅរ៍ចុងសប្ដាហ៍ខាងមុខ ចំពោះមុខ ការចោទប្រកាន់គ្នាទៅវិញទៅមក ពីការរំលោភបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៉ីស្រាអែល។ បើតាមលោក ត្រាំ អ៉ីស្រាអែលគឺជាអ្នកសម្រេចចិត្តចុងក្រោយលើបទឈប់បាញ់ ហើយថារូបលោកអាចនឹងពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu។ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើចំណាប់ខ្មាំងមិនត្រូវបានដោះលែង នៅត្រឹមម៉ោង ១២ថ្ងៃត្រង់ នាថ្ងៃសៅរ៍ខាងមុខទេ...នោះខ្ញុំនឹងស្នើឱ្យលុបចោលបទឈប់បាញ់»

គួរបញ្ជាក់ថា ក្រុមហាម៉ាស កាលពីថ្ងៃចន្ទ បានគំរាមពន្យារពេលដោះលែងចំណាប់ខ្មាំងដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃសៅរ៍ចុងសប្ដាហ៍ខាងមុខ រហូតទាល់តែមានការជូនដំណឹងជាថ្មី ដោយ ចោទថាអ៉ីស្រាអែលបានរំលោភបំពានលើបទឈប់បាញ់។ អ៉ីស្រាអែលវិញ បានចាត់ទុកថាការគំរាមនេះជាការទង្វើបំពានទាំងស្រុងលើបទឈប់បាញ់ និងបានបង្គាប់ឱ្យយោធាប្រុងជើងការ សម្រាប់គ្រប់សេណារីយ៉ូទាំងអស់៕