(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនប្រតិបត្តិករសារទូរគមនាគមន៍ AT&T បានសម្រេចចិត្តយកក្រុមហ៊ុន Time Warner ដែលជាក្រុមហ៊ុនផ្នែកទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយដ៏ធំមួយ នៅលើពិភពលោក ក្នុងតម្លៃជាង៨៥ពាន់លានដុល្លារអាមេរិក ហើយ កិច្ចព្រមព្រៀងទិញនេះ ត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃសៅរ៍ ម្សិលមិញ(ម៉ោងនៅក្នុងសហរដ្ឋអាមេរិក)។ នេះ បើយោងតាមការឱ្យដឹងពីស្ថានីយ៍ទូរទស្សន៍ CNN។
Time Warner គឺជាក្រុមហ៊ុនផ្នែកប្រព័ន្ធផ្សព្វផ្សាយដ៏ធំមួយដែលគ្របដណ្ដប់លើប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដូចជា CNN, TNT, HBO, Studio Warner Bros និងបណ្ដាប្រព័ន្ធផ្សាយរួមទំាងគេហទំព័រ ជាច្រើនផ្សេង ទៀត។ ដោយឡែក បើនិយាយពី AT&T គឺជាធំក្រុមហ៊ុនផ្គត់ផ្គង់សេវ៉ាកម្មទូរសព្ទឥតខ្សែ និង បណ្ដាញ Internet គិតចាប់ពីឆ្នាំ១៨៧៦មក ហើយក្រុមហ៊ុនមួយនេះក៏ទើបតែបានទិញយកផងដែរ នូវស្ថានីយ៍ទូរទស្សន៍ ប្រើបា្រស់ផ្កាយរណប ដោយផ្ទាល់ និង ទូរស្សន៍ពាណិជ្ជកម្ម។
សូមជំរាបថា ក្រុមហ៊ុនប្រតិបត្តិករសារទូរគមនាគមន៍ AT&T នឹងចំណាយ១០៧.៥០ដុល្លារក្នុងមួយហ៊ុន ដែល នេះអាចជាការចំណាយមួយដ៏ធំលើភាគហ៊ុនជួញដូររបស់ Time Warner កាលពីសប្ដាហ៍មុន ហើយបើគិត ទាំងបំណុលរបស់ Time Warner កិច្ចព្រមព្រៀងទិញខាងលើអាចមានតម្លៃដល់ទៅ ១០៩ពាន់លានដុល្លារ៕