(ឡុងដ៍)៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi គ្រោងនឹងធ្វើទស្សនកិច្ចនៅចក្រភពអង់គ្លេសនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីជួបពិភាក្សាជាមួយសមភាគីអង់គ្លេស លោក David Lammy។ ដំណើរទស្សនកិច្ចនេះ ត្រូវបានគេមើលឃើញថាគឺជាសញ្ញាបង្ហាញពីការធ្វើឱ្យប្រសើរឡើងវិញ នូវទំនាកទំនងរវាងប្រទេសទាំងពីរ ក្រោយភាពតានតឹងជាច្រើនឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី Keir Starmer បានឱ្យដឹងថា រដ្ឋមន្រ្តីទាំងពីរនឹងពិភាក្សាអំពីបញ្ហាសំខាន់ៗ ដូចជាសន្តិសុខអន្តរជាតិ សង្រ្គាមនៅអ៊ុយក្រែន និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ពួកគេក៏នឹងពិភាក្សាអំពីការស្តារកិច្ចសន្ទនាយុទ្ធសាស្ត្រអង់គ្លេស-ចិនឡើងវិញ ដែលត្រូវបានផ្អាកអស់រយៈពេលជាច្រើនឆ្នាំផងដែរ។
គួរបញ្ជាក់ថា រដ្ឋាភិបាលចក្រភពអង់គ្លេសនៃគណបក្សពលករ ចាប់តាំងពីខែកក្កដាមក បានកំណត់ការធ្វើឱ្យប្រសើរឡើងវិញ នូវទំនាក់ទំនងជាមួយប្រទេសចិនជាគោលដៅគោលនយោបាយការបរទេសដ៏សំខាន់មួយ បន្ទាប់ពីទំនាក់ទំនងបានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍ក្រោមរដ្ឋាភិបាលអភិរក្សនិយមជាបន្តបន្ទាប់។ ទោះជាយ៉ាងណា ក៏នៅមានបញ្ហាមួយចំនួន ដែលត្រូវដោះស្រាយ ដូចជាជម្លោះជុំវិញគម្រោងសាងសង់ស្ថានទូតចិន នៅទីក្រុងឡុងដ៍ជាដើម៕