(ពិភពលោក)៖ នៅលើផែនដីនេះ មានតំបន់ទេសចរណ៍ប្រកបដោយភាពស្រស់ស្អាត និងភាពទាក់ទាញជាច្រើន ដែលជាគោលដៅសម្រាប់មនុស្សធ្វើដំណើរកំសាន្ត។ យ៉ាងនេះក្តី មានតំបន់ទេសចរណ៍មួយចំនួន ដែលអ្នកទេសចរចាំបាច់ត្រូវចំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់ ដើម្បីធ្វើដំណើរកំសាន្តនៅទីនោះ។ ខាងក្រោមនេះ តំបន់គោលដៅទេសចរណ៍ដែលថ្លៃជាងគេបំផុតលើពិភពលោក៖
១០.ប៉ារីស (Paris)៖
មិនខុសពីទីក្រុងញូវយ៉ក, ប៉ារីសបានក្លាយទៅជាគោលដៅសម្រាប់ភ្ញៀវទេសចរជាច្រើន ជាមួយទីតាំងប្រវត្តិសាស្ត្រជាយូរមកហើយ ព្រមទាំងឥទ្ធិពលនៃតួនាទីរបស់ខ្លួននៅអឺរ៉ុប។ ទីក្រុងប៉ារីស ក៏មានឈ្មោះថា ជាទីក្រុងដ៏រ៉ូមែនទិក ប្រមូលផ្តុំដោយហាងកាហ្វេ នំ ស្រា ស្ករសូកូឡា និង Eiffel Tower ដែលបញ្ចេញពន្លឺយ៉ាងស្រស់ស្អាតនៅពេលរាត្រី។
ហេតុផលទាំងនេះ ធ្វើឲ្យទីក្រុងប៉ារីស បានក្លាយជាគោលដៅទេសចរណ៍ដែលមានតម្លៃថ្លៃជាងគេនៅលើពិភពលោក។ លំនៅដ្ឋានប្រវត្តិសាស្រ្តមួយចំនួន រួមទាំងរាជវាំងកាលពីសម័យបុរាណ ត្រូវបានប្រែក្លាយជាសណ្ឋាគារ។ សណ្ឋាគារខ្លះ សម្រាប់ការសម្រាកក្នុងមួយយប់តម្លៃរហូតដល់ ២៦,០០០ដុល្លារ។ ប៉ុន្តែប្រសិនបើលោកអ្នកចេញដើរកំសាន្តទៅតំបន់ខ្លះ អ្នកអាចនឹងឃើញផ្នែកខ្លះនៃទីក្រុងប៉ារីស ជាមួយនឹងដងផ្លូវយ៉ាង អ្នកលក់តាមចិញ្ចើមផ្លូវ និងអ្នកសុំទានដែលគ្មានផ្ទះសម្បែងផងដែរ។
៩.ហ្វីជី (Fiji)៖
ខុសពីអ្វីដែលយើងធ្លាប់ដឹង ប្រទេសហ្វីជី មិនមែនគ្រាន់តែជាកោះមួយនោះទេ ប៉ុន្តែតាមពិតទៅប្រទេសនេះ មានរហូតដល់ ៣៣២កោះ ប្រមូលផ្តុំគ្នា។ ហ្វីជីបានក្លាយជាគោលដៅដ៏ល្បីល្បាញមួយ ក្នុងចំណោមតំបន់គោលដៅល្អបំផុតនៅក្នុងប៉ាស៊ីហ្វិកខាងត្បូង និងជាដែនដីផ្តាច់មុខមួយ។ ប្រទេសដីកោះមួយនេះ មិនត្រឹមតែជាប្រទេសដែលមានការអភិរក្សធម្មជាតិប៉ុណ្ណោះទេ តែវាល្បីល្បាញដោយសារសម្រស់ធម្មជាតិ និងការស្ថិតដាច់ឆ្ងាយពីគេ។
ខណៈដែលដំណើរកំសាន្តនៅកោះមួយចំនួន នៃប្រទេសនេះមានតម្លៃថោក មានកោះតូចជាច្រើនផ្សេងទៀតស្ថិតក្នុងកម្មសិទ្ធិឯកជន ឬក្រុមហ៊ុនណាមួយ ដែលតម្រូវឲ្យអ្នកទេសចរណ៍ត្រូវការចំណាយខ្ពស់បំផុត។ ជាក់ស្តែងកោះ Mantangi ជាកោះភ្នំភ្លើងដែលមានរាងដូចក្រចកជើងសេះ ដែលមានទំហំ ២៤០ហិចតា។ យើងអាចទៅកំសាន្តដោយការមុជទឹក និងការដើរកំសាន្តតាមកោះដែលគ្របដណ្តប់ដោយព្រៃជាដើម។ អ្នកទេសចរណ៍មួយចំនួន ចាត់ទុកថា ការសម្រាកកំសាន្តនៅទីនោះ មានតម្លៃថ្លៃដូចជាការប្លន់ប្រាក់អញ្ចឹង។ បន្ទប់សម្រាកនៅទីនោះ អាចមានតម្លៃទាបបំផុតចាប់ពី ៦០០ដុល្លារឡើងទៅ។
៨.ទីក្រុងញ៉ូវយក (New York City)៖
ញូវយ៉កជាផ្នែកមួយនៃតំបន់ទេសចរណ៍ដែលពេញនិយមបំផុតនៅលើពិភពលោក។ សូម្បីតែស្តេចនៃចក្រភពអង់គ្លេស ក៏ធ្លាប់ធ្វើទស្សនកិច្ច នៅទីក្រុងញ៉ូវយកនេះផងដែរ។ ទីក្រុងញ៉ូវយក គឺជាបណ្តុំនៃឧស្សាហកម្មជាច្រើនរបស់សហរដ្ឋអាមេរិក ក្នុងនោះមានដូចជាវប្បធម៌ ពាណិជ្ជកម្ម និងសិល្បៈផងដែរ។ ការលើកឡើងថា អ្នកបានទៅកំសាន្តនៅញ៉ូវយក បានក្លាយជាវប្បធម៌ថ្មីមួយ សម្រាប់មនុស្សនាពេលបច្ចុប្បន្ន។
សម្រាប់សណ្ឋាគារប្រណិតនៅទីនោះ មានតម្លៃប្រមាណជា ៧៣០ដុល្លារក្នុងមួយយប់ ដោយឡែកសម្រាប់សណ្ឋាគារលំដាប់មធ្យមមានតម្លៃប្រហែល ៣៥០ដុល្លារ។ ទីក្រុងញ៉ូវយក មិនមែនជាកន្លែងសម្រាប់អ្នកដែលគ្មានថវិកាគ្រប់គ្រាន់ដើរកំសាន្តនោះទេ វាជាកន្លែងដែលមានអាហារថ្លៃៗ ស្មើនឹងតម្លៃរបស់សណ្ឋាគារដែលអ្នកស្នាក់នៅ។
៧.ប្រទេសដីកោះ Birtish Vigin (Birtish Vigin Island)៖
កោះ British Virgin ត្រូវបានគេទទួលស្គាល់ខ្លួនឯងថា ជាកន្លែងល្បីឈ្មោះ និងសម្បូរបែបមួយ។ លោក Sir Richard Branson ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិនៃអាជីវកម្ម Virgin មានផ្ទះវីឡានៅលើកោះឯកជនមួយនៅទីនោះ។ កោះ Guana របស់ប្រទេស Birtish Vigin នេះគឺជាតំបន់ គោលដៅទេសចរណ៍ដែលមានតម្លៃថ្លៃ។
សកម្មភាពផ្សេងៗក្នុងពេលដើរកំសាន្តនៅទីនោះរួមមាន កីឡាយូហ្គា និងកីឡាវាយកូនបាល់ និងដំណើរកំសាន្តផ្សេងៗ ដូចជាការទស្សនាសត្វបក្សី និងសកម្មភាពក្រៅដូចជាការឡើងភ្នំជាដើម។ កន្លែងស្នាក់នៅដែលមានទិដ្ឋភាពនៅតាមមាត់សមុទ្រ អាចមានតម្លៃ ៧០០ដុល្លារក្នុងមួយយប់ នៅរដូវកាលមិនសូវសម្បូរភ្ញៀវទេសចរណ៍ និងអាចច្រើនជាងនេះក្នុងរដូវកាលដែលមានភ្ញៀវទេសចរណ៍ច្រើន។
៦.កោះបូរ៉ា បូរ៉ា (Bora Bora)៖
កោះមួយនេះ តម្រូវឲ្យអ្នកទេសចរណ៍ ត្រូវចំណាយប្រាក់ជាច្រើនសន្ធឹកសន្ធាប់។ បើទោះបីជាកោះនេះ មានភាពស្រស់ស្អាត និងផ្តល់នូវបទពិសោធន៍យ៉ាងប្រណិត ប៉ុន្តែតម្លៃនៃការស្នាក់នោះជាមធ្យមមានតម្លៃប្រហែលត្រឹមតែ ៨០០ដុល្លារ រួមទាំងសេវាកម្មម្ហូបអាហារផងដែរ។ ប៉ុន្តែមានបញ្ហាមួយចំនួន ក្នុងការធ្វើដំណើរទៅដល់ទីនោះ ដោយសារសំបុត្រយន្តហោះមានតម្លៃថ្លៃ។ យ៉ាងនេះក្តី កោះ Bora Bora នេះនៅតែអាចទាក់ទាញ បុគ្គលល្បីល្បាញ ពាណិជ្ជករ និងអ្នកនយោបាយមកកំសាន្តនៅទីនេះ។
៥.ប្រទេសសីស្ហែល (Seychelles)៖
ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលដែលប្រទេសដីកោះ មួយទៀតស្ថិតក្នុងបញ្ជីនេះ។ ប្រទេសសីស្ហែល មិនខុសពីហ្វីជី ជាប្រទេសដែលមិនមែនផ្គុំឡើងពីកោះតែមួយនោះទេ ប៉ុន្តែផ្គុំឡើងដោយកោះជាច្រើន។ ប្រទេសដីកោះនេះ ស្ថិតនៅសមុទ្រឥណ្ឌា ភាគខាងត្បូងកោះ Mahe។ នៅទីនោះ រមណីយដ្ឋានមានផ្តល់នូវសម្រស់ធម្មជាតិ ព្រៃឈើដែលទទួលបានការការពារយ៉ាងហ្មត់ចត់ ខណៈដែលឆ្នេរខ្សាច់ក៏ត្រូវបានការពារបានយ៉ាងល្អផងដែរ។ នៅទីនោះ កន្លែងសម្រាក តម្រូវឲ្យជួលយ៉ាងហោចណាស់បីថ្ងៃ ចំណែកតម្លៃមានចាប់ពី ៣,០០០ដុល្លារ រហូតដល់ ១០,០០០ដុល្លារក្នុងមួយថ្ងៃ។
៤.តំបន់ Tuscany៖
មនុស្សមួយចំនួនតែងតែគិតដល់តំបន់ Tuscany នៅពេលដែលពួកគេចង់ទៅកំសាន្តនៅប្រទេសអ៉ីតាលី។ វាជាតំបន់ទេសចរណ៍ដែលមានតម្លៃថ្លៃបំផុតក្នុងប្រទេសអ៉ីតាលី។ ភាពទាក់ទាញរបស់តំបន់ Tuscany គឺប្រវត្តិសាស្រ្តរបស់តំបន់នេះផ្ទាល់។ ការកំសាន្តនៅទីនោះ ប្រៀបបាននឹងការត្រឡប់ទៅមុនសម័យរ៉ូម។ សណ្ឋាគារនៅទីនោះភាគច្រើនមិនមែនជាសណ្ឋាគារពិតប្រាកដទាំងអស់នោះទេ ប៉ុន្តែវាជាវីឡាសម័យបុរាណដែលត្រូវបានបំលែងជាកន្លែង សម្រាប់ភ្ញៀវទេសចរអ្នកមានស្នាក់នៅទៅវិញ។
ដោយសារផ្នែកខ្លះនៃតំបន់ Tuscany នៅតែមានលក្ខណៈជនបទនៅឡើយនោះ ធ្វើឲ្យតំបន់នេះអាចរក្សាភាពស្រស់ស្អាត និងសម្បូរដោយចម្ការទំពាំងបាយជូរ។ អគារខ្លះគ្រាន់តែថាជង្រុកស្រូវកាលពីសម័យបុរាណ តែត្រូវបានគេផ្លាស់ប្តូរទៅជាកន្លែងស្នាក់នៅ ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ ៣,០០០ ទៅ ៤,០០០ដុល្លារក្នុងមួយសប្តាហ៍។
៣.ទីក្រុងឌូបៃ (Dubai)៖
មនុស្សជាច្រើននាំគ្នានិយាយគ្នាពីទីក្រុងឌូបៃ ក្នុងរយៈមួយទសវត្សរ៍កន្លងទៅនេះ។ ទីក្រុងដែលស្ថិតនៅតំបន់មជ្ឈឹមបូព៌ាមួយនេះ បានក្លាយជាតំបន់ទាក់ទាញ ដែលធ្វើឲ្យទីក្រុងឌូបៃ ប្រមូលផ្តុំដោយអ្នកធ្វើដំណើរ ដែលសម្បូរប្រាក់ច្រើន។ ដោយសារទីក្រុងនេះ មានប្រភពចំណូលពីធនធានប្រេង ធ្វើឲ្យទីក្រុងឌូបៃ អភិវឌ្ឍន៍ក្លាយជាកន្លែងកំសាន្តសម្រាប់អ្នកដែលមានលទ្ធភាពខ្ពស់។
ទោះបីជាទីក្រុងនេះ មានភាពល្បីល្បាញផ្នែកឆ្នេរសមុទ្រ និងវាលខ្សាច់ ប៉ុន្តែវានៅមានកន្លែងជាច្រើនទៀតសម្រាប់អ្នកដែលត្រូវការចំណាយប្រាក់ដូចជា ដើរទិញទំនិញនៅមជ្ឈមណ្ឌលលក់ទំនិញធំៗ ឬធ្វើដំណើរកំសាន្តដូចជា ការជិះទូកកំសាន្ត ការជួលឧទ្ធម្ភាគចក្រដើម្បីដើរកំសាន្តជាដើម។ ប្រសិនបើលោកអ្នកមានបំណងចង់កំសាន្តនៅទីនោះ អ្នកអាចចំណាយប្រាក់រហូតដល់ ២ម៉ឺនដុល្លារ សម្រាប់ការស្នាក់នៅក្នុងសណ្ឋាគារដ៏ប្រណិតក្នុងទីក្រុងមួយនេះ សម្រាប់រយៈពេលតែមួយយប់។
២.កោះ Musha Cay៖
កោះ Musha Cay ជាកោះមួយនៅក្នុងប្រជុំកោះ Bahamas ដែលទទួលបានភាពល្បីល្បាញក្នុងនាមជាតំបន់គោលដៅដ៏ពិសេសសម្រាប់អ្នកមានប្រាក់ និងបុគ្គលល្បីៗ។ កោះ Musha Cay ជាកោះមួយក្នុងចំណោមកោះទាំង ១១ផ្សេងទៀត នៅឈូងសមុទ្រ Copperfield។ អ្នកទេសចរណ៍ចាំបាច់ត្រូវតែ ជួលកន្លែងស្នាក់នៅក្នុងមួយយប់ដែលមានតម្លៃរហូតដល់ ៤ម៉ឺនដុល្លារ។ យ៉ាងនេះក្តី អ្នកត្រូវបានអនុញ្ញាតឲ្យស្នាក់នៅជាមួយមនុស្សរហូតដល់ ១១នាក់ ដោយតម្លៃនេះក៏រួមបញ្ជូលទាំងអាហារផងដែរ។
១.ទីក្រុង Oslo៖
Oslo ជារដ្ឋធានីរបស់ប្រទេសណ័រវេស ជាទីកន្លែងដ៏ទាក់ទាញដោយសារធម្មជាតិស្រស់ស្អាត ជាមួយនឹងការកប់ទុកនូវរឿងរ៉ាវប្រវត្តិសាស្ត្ររបស់ពួក Viking។ នៅទីនោះ ប្រមូលផ្តុំដោយលំនៅដ្ឋានចំរុះពណ៌ ភ្នំស្រស់ស្អាត ឈូងសមុទ្រដ៏ល្បីល្បាញ ដែលអាចបង្កភាពងាយស្រួលសម្រាប់អ្នកស្រូបយកខ្យល់អាកាសបរិសុទ្ធ។ ទីក្រុង Oslo ជាកន្លែងដែលស្អាត និងមានសុវត្ថិភាព ដែលអ្នករស់នៅទីនោះភាគច្រើនចេះនិយាយភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ ដែលបង្កភាពងាយស្រួលសម្រាប់អ្នកទេសចរណ៍អ្នកមានទៅកំសាន្តនៅទីនោះ។
ទីក្រុងនេះ សម្បូរដោយប្រេង និងប្រជាពលរដ្ឋជាអ្នកមាន ប្រាក់បៀវត្សរ៍ខ្ពស់ដែលបានចូលរួមចំណែកដល់ផ្នែកសេវាកម្ម និងវិស័យឧស្សាហកម្មទេសចរណ៍ ដែលមានតម្លៃប្រមាណជា ២០ភាគរយ ខ្ពស់ជាងកន្លែងដទៃទៀតនៅតំបន់អឺរ៉ុបខាងលិច និង ៧០ភាគរយខ្ពស់ជាងតំបន់ដទៃទៀតនៃពិភពលោក៕