(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីពេលថ្មីៗនេះថាលោកបានត្រៀមខ្លួនជាស្រេច ដើម្បីចុះកិច្ចព្រមព្រៀងជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងនោះរួមមានទាំងការអនុញ្ញាតឱ្យសហរដ្ឋអាមេរិកចូលរួមក្នុងការអភិវឌ្ឍធនធានរ៉ែកម្រ និងរ៉ែសំខាន់ៗផ្សេងទៀតរបស់អ៊ុយក្រែន។ លោក ត្រាំ កាលពីថ្ងៃទី៣ ខែកុម្ភៈ បាននិយាយថារូបលោកចង់បាន ការផ្គត់ផ្គង់រ៉ែកម្រពីអ៊ុយក្រែន សម្រាប់សហរដ្ឋអាមេរិក ជាថ្នូរទៅនឹងការគំាទ្រហិរញ្ញវត្ថុដល់សង្រ្គាមរបស់ទីក្រុងកៀវ ប្រឆាំងរុស្ស៉ី។ ប៉ុន្តែ មិនទាន់មានការបញ្ជាក់ឱ្យច្បាស់ថាតើលោក ត្រាំ ចង់បានរ៉ែគ្រប់ប្រភេទ ឬក៏ចង់ បានតែរ៉ែកម្រនោះទេ ដោយលោកបានសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកកំពុងសម្លឹងរកការចុះកិច្ចព្រមព្រៀងមួយជាមួយអ៊ុយក្រែន ដើម្បីឱ្យពួកគេផ្គត់ផ្គង់រ៉ែកម្រ និងរឿងផ្សេងទៀត។

* ដូច្នេះ តើអ្វីទៅជារ៉ែកម្ររបស់អ៊ុយក្រែន?
រ៉ែកម្រគឺជាក្រុមមួយនៃលោហៈចំនួន១៧ ដែលកម្រមាននៅលើពិភពលោក និងត្រូវបានប្រើដោយមិនអាចខ្វះបានសម្រាប់យានយន្ត ទូរស័ព្ទ ប្រព័ន្ធមីស៊ីល និងឧបករណ៍អេឡិចត្រូនិក។ ចិនដែលកំពុងប្រឈមនឹង សង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក គឺជាអ្នកផលិតរ៉ែកម្រធំជាងគេបំផុតនៅលើពិភពលោក រួមទាំងរ៉ែសំខាន់ៗជាច្រើនទៀត។ វិទ្យាស្ថានភូមិវិទ្យាអាមេរិក U.S. Geological Survey បានចាត់ទុករ៉ែចំនួន៥០ មានសារៈសំខាន់បំផុត ហើយក្នុងនោះមានរ៉ែកម្រជាច្រើនប្រភេទ ដូចជា nickel និង lithium។ តាមទិន្នន័យពីក្រសួងសេដ្ឋកិច្ចអ៊ុយក្រែន អ៊ុយក្រែនមានអណ្ដូងរ៉ែ២២ ក្នុងចំណោម៣៤ ត្រូវបានសហភាពអឺរ៉ុបចាត់ទុកថាជា រ៉ែសំខាន់ ដែលក្នុងចំណោមរ៉ែទាំងនោះទៀតសោត ត្រូវបានប្រើក្នុងឧស្សាហកម្មជាច្រើនដូចជាការពារជាតិ បច្ចេកវិទ្យាទំនើប អវកាស និងថាមពលបៃតង។ ចំណែក វិទ្យាស្ថាន Institute of Geology វិញបានឱ្យដឹងថា អ៊ុយក្រែនកាន់កាប់រ៉ែកម្រមានដូចជា lanthanum និង cerium ដែលត្រូវបានប្រើក្នុងការផលិតទូរទស្សន៍ និងអំពូល neodymium ប្រើនៅក្នុងតួប៊ីនខ្យល់ និងអាគុយរថយន្ដអគ្គិសនី ហើយ erbium និង yttrium ត្រូវបាន ប្រើនៅក្នុងឧបករណ៍ជាច្រើនរាប់ចាប់ពីថាមពលនុយក្លេអ៊ែរ រហូតដល់ឡាស៊ែរ។ វិទ្យាស្ថានស្រាវជ្រាវទំនុកបម្រុងដោយសហភាពអឺរ៉ុបមួយនេះក៏បានរកឃើញដែរថាអ៊ុយក្រែនមានអណ្ដូងរ៉ែ scandium។

នៅក្នុងបទសម្ភាសន៍ កាលពីថ្ងៃទី៧ ខែកុម្ភៈ លោក ហ្សេលេនស្គី បាននិយាយថារុស្ស៉ីបាន និងកំពុងកាន់កាប់ជាងពាក់កណ្ដាលនៃអណ្តូងរ៉ែកម្ររបស់អ៊ុយក្រែន។ លោក ហ្សេលេនស្គី ក៏បានអះអាងដែរថាអ៊ុយក្រែន មាន ស្ដុករ៉ែកម្រ titanium និង uranium ធំជាងគេបំផុតក្នុងតំបន់អឺរ៉ុប។ មិនតែប៉ុណ្ណោះ បើតាម World Economic Forum អ៊ុយក្រែនថែមទាំងជាអ្នកផ្គត់ផ្គង់ដ៏សំខាន់នូវរ៉ែ lithium, beryllium, manganese, gallium, zirconium, graphite, apatite, fluorite និង nickel ទៀតផង។ ដោយឡែក ស្ថាប័ន State Geological Surveys បាននិយាយថាអ៊ុយក្រែនមានស្ដុករ៉ែ lithium ជាង ៥០០ ០០០តោន ដែលត្រូវប្រើជាចាំបាច់ សម្រាប់អាគុយ សេរ៉េមិក និងកែវ។ រ៉ែ Titanium ត្រូវបានស្ដុកទុកភាគច្រើននៅតំបន់ភាគពាយព្យ និងកណ្ដាលនៃប្រទេសអ៊ុយក្រែន ខណៈរ៉ែ lithium មាននៅភាគកណ្ដាល ខាងកើត និងភាគអាគ្នេយ៍។

លើសពីនេះទៅទៀត អ៊ុយក្រែននៅមានស្ដុករ៉ែ graphite ដែលជាសមាសធាតុដ៏សំខាន់នៅក្នុងអាគុយរថយន្ដអគ្គិសនី និងរ៉េអាក់ទ័រនុយក្លេអ៊ែរ តំណាងឱ្យ ២០ភាគរយនៃរ៉ែ graphite នៅលើពិភពលោក។

* តើមានរ៉ែអ្វីខ្លះដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន?
សង្រ្គាមបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរនៅទូទាំងប្រទេសអ៊ុយក្រែន ហើយរុស្ស៉ីសព្វថ្ងៃកំពុងគ្រប់គ្រងប្រហែលជា ១ភាគ៥ នៃទឹកដីអ៊ុយក្រែន។ មកទល់ពេលនេះ ធនធានរ៉ែជាង៤០ភាគរយរបស់អ៊ុយក្រែន កំពុងស្ថិត ក្រោមការគ្រប់គ្រងរបស់រុស្ស៉ី។ នេះបើតាមការវាយតម្លៃរបស់វិទ្យាស្ថាន We Build Ukraine និង National Institute of Strategic Studies ដោយផ្អែកលើទិន្នន័យកាលពីឆមាសទី១ ឆ្នាំ២០២៤។ ចាប់តាំងពីពេលនោះ មក កងទ័ពរុស្ស៉ីនៅតែបន្តរីកចម្រើនទៅមុខនៅក្នុងតំបន់ដូណេត ភាគខាងកើតអ៊ុយក្រែន។ កាលពីខែមករាកន្លងទៅ អ៊ុយក្រែនបានបិទអណ្ដូងរ៉ែធ្យូងថ្មរបស់ខ្លួនស្ថិតនៅខាងក្រៅទីក្រុង Pokrovsk ដែលកងទ័ពរុស្ស៉ីកំពុង ព្យាយាមវាយដណ្ដើមកាន់កាប់។ រុស្ស៉ី បានកាន់កាប់យ៉ាងហោចអណ្ដូងរ៉ែ lithium ២កន្លែងរបស់អ៊ុយក្រែន អំឡុងសង្រ្គាម ដោយមួយស្ថិតនៅក្នុងតំបន់ដូណេត និងមួយទៀតស្ថិតនៅក្នុងទីក្រុង Zaporizhzhia ស្ថិតនៅ ភាគអាគ្នេយ៍។ ទីក្រុងកៀវ នៅតែបន្តគ្រប់គ្រងរ៉ែ lithium នៅតំបន់ Kyrovohrad ស្ថិតនៅភាគកណ្ដាលប្រទេស។

លោក Oleksiy Sobolev អនុរដ្ឋមន្ត្រីទី១ នៃក្រសួងសេដ្ឋកិច្ចអ៊ុយក្រែន បានលើកឡើងកាលពីខែមករាថា រដ្ឋាភិបាលទីក្រុងកៀវកំពុងធ្វើការងារលើកិច្ចព្រមព្រៀងជាមួយបណ្ដាប្រទេសលោកខាងលិច ក្នុងនោះមានទាំង សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងអ៉ីតាលី លើគម្រោងពាក់ព័ន្ធនឹងការធ្វើអាជីវកម្មរ៉ែសំខាន់ៗ។ រដ្ឋាភិបាលអ៊ុយក្រែនបានវាយតម្លៃថាការវិនិយោគសរុបលើវិស័យរ៉ែអាចមានពី ១២ ដល់១៥ពាន់លានដុល្លារ គិតត្រឹមកាលពីឆ្នាំ២០២៣។ State Geological Service បាននិយាយថារដ្ឋាភិបាលអ៊ុយក្រែន ក៏កំពុងរៀបចំទីតាំងរ៉ែចំនួន១០០កន្លែងផងដែរ សម្រាប់ការផ្ដល់អាជ្ញាប័ណ្ណ និងការអភិវឌ្ឍរួមគ្នា។

គួរបញ្ជាក់ថា ទោះបីជាអ៊ុយក្រែនមានកម្លាំងពលកម្មមានគុណភាពខ្ពស់ និងតម្លៃថោក ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍរួចក៏ដោយ ក៏ក្រុមអ្នកវិនិយោគនៅតែមើលឃើញពីឧបសគ្គមួយចំនួនក្នុងការវិនិយោគ។ ក្នុងនោះ រួមមានច្បាប់កាន់កាប់មានលក្ខណៈស្មុគស្មាញ និងគ្មានប្រសិទ្ធភាព ក៏ដូចជាពិបាកក្នុងការទទួលបានទិន្នន័យភូមិសាស្ត្រ និងដីសម្បទាន៕