Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វិមានក្រឹមឡាំង បដិសេធមិនបញ្ជាក់ពីការសន្ទនាតាមទូរសព្ទរវាងលោក ពីទីន និងលោក ត្រាំ កាលពីថ្ងៃអាទិត្យ (Video inside)

10-02-2025 20:55

(ម៉ូស្គូ)៖ វិមានក្រឹមឡាំង នៅថ្ងៃចន្ទនេះបានបដិសេធមិនបញ្ជាក់ ឬបដិសេធថាតើ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នោះទេ ជុំវិញការស្វែងរកដំណោះស្រាយចំពោះសង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ភាពមិនច្បាស់លាស់នេះ កើតឡើងចំពេលមានការរាយការណ៍ អំពីទំនាក់ទំនងដោយផ្ទាល់ ជាលើកដំបូ រវាងមេដឹកនាំនៃមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតទាំងពីរ កាលពីថ្ងៃអាទិត្យ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One កាលពីថ្ងៃអាទិត្យលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានអះអាងពីវឌ្ឍនភាពក្នុងការស្វែងរកដំណោះស្រាយចំពោះវិបត្តិអ៊ុយក្រែន ប៉ុន្តែបានបដិសេធមិនបង្ហាញព័ត៌មានលម្អិត អំពីទំនាក់ទំនងណាមួយ ជាមួយប្រធានាធិបតី រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។

នៅពេលត្រូវបានសាកសួរថា តើលោកបាននិយាយជាមួយលោក ពូទីន ចាប់តាំងពីចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឬមុន នេះដែរឬទេ លោក ត្រាំ បានត្រឹមឆ្លើយយ៉ាងខ្លីថា «ខ្ញុំបានធ្វើវា។ សូមនិយាយថា ខ្ញុំបាន...ហើយ ខ្ញុំរំពឹងថានឹងមានការសន្ទនាជាច្រើនទៀត។ យើងត្រូវតែបញ្ចប់សង្រ្គាម»។ លោកបាន បញ្ជាក់បន្ថែមថា «ប្រសិនបើយើងកំពុងនិយាយគ្នា ខ្ញុំមិនចង់ជម្រាបអ្នកអំពីខ្លឹមសារនៃការសន្ទនានោះទេ»

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងម៉ូស្គូនៅថ្ងៃចន្ទនេះ ជុំវិញសំណួរអំពីកាសន្ទនាតាមទូរសព្ទរវាងលោក ពូទីន និងលោក ត្រាំ ថា «គ្មានអ្វីផ្សេងទៀតដែលខ្ញុំអាចនិយាយបានទេ។ ខ្ញុំមិនអាចបញ្ជាក់ ឬបដិសេធវាបានទេ»

គួរបញ្ជាក់ថា ភាពមិនច្បាស់លាស់នេះ បានបង្កើនការងឿងឆ្ងល់អំពីគោលនយោបាយរបស់លោក ដូណាល់ ត្រាំ ចំពោះសង្រ្គាមនៅអ៊ុយក្រែន។ លោក ត្រាំ ធ្លាប់បានសន្យាថានឹងបញ្ចប់សង្រ្គាមនេះ ប្រសិនបើលោកជាប់ឆ្នោត ប៉ុន្តែមិនទាន់បានបញ្ជាក់ពីផែនការជាក់លាក់ណាមួយនៅឡើយទេ៕