(តេអេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian នៅថ្ងៃចន្ទនេះ បានចោសួរ ពីភាពស្មោះត្រង់របស់សហរដ្ឋអាមេរិក ក្នុងការស្វែងរកកិច្ចចរចាជាមួយទីក្រុងតេអេរ៉ង់ ខណៈដែលមនុស្សរាប់សែននាក់បានចូលរួមក្នុងបាតុកម្មទូទាំងប្រទេស ដើម្បីប្រារព្ធខួបនៃ បដិវត្តន៍អ៊ីស្លាមឆ្នាំ ១៩៧៩។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

«ប្រសិនបើ សហរដ្ឋអាមេរិកមានភាពស្មោះត្រង់ចំពោះការចរចា ហេតុអ្វីបានជាពួកគេដាក់ទណ្ឌកម្មពួកយើង?» លោក Pezeshkian បានថ្លែងតាមទូរទស្សន៍នៅទីលាន Azadi (សេរីភាព) នៃទីក្រុងតេអេរ៉ង់នៅថ្ងៃចន្ទនេះ ដោយបញ្ជាក់ថា អ៊ីរ៉ង់មិនស្វែងរកសង្គ្រាមទេ ប៉ុន្តែក៏នឹងមិនទទួលយកសម្ពាធពីបរទេសដែរ។

គួរបញ្ជាក់ថា ការចោទសួរនេះ ធ្វើឡើងក្រោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបន្តយុទ្ធនាការ «សម្ពាធអតិបរមា» លើអ៊ីរ៉ង់កាលពីសប្តាហ៍មុន ដោយរួមមានកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការនាំចេញប្រេងរបស់អ៊ីរ៉ង់ សំដៅរារាំងទីក្រុងតេអេរ៉ង់ ពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ ទោះបីជាមានវិធានការតឹងរ៉ឹងទាំងនេះក្តី លោក ត្រាំ បានបញ្ជាក់ពីបំណងក្នុងការសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងសន្តិភាពនុយក្លេអ៊ែរ ដែលអាចផ្ទៀងផ្ទាត់បានជាមួយអ៊ីរ៉ង់ និងបានបង្ហាញពីឆន្ទៈក្នុងការពិភាក្សាជាមួយលោក Pezeshkian៕