(ប៉េកាំង)៖ នៅឆ្នាំ ២០២៤ ការរៀបអាពាហ៍ពិពាហ៍ក្នុងប្រទេសចិនបានធ្លាក់ចុះជាលេីកទី៥ ដែលជាការធ្លាក់ចុះដ៏ធំបំផុតក្នុងកំណត់ត្រា ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងជាច្រើន របស់អាជ្ញាធរក្នុងលើកទឹកចិត្ត ឱ្យគូស្នេហ៍វ័យក្មេងរៀបការនិងមានកូន ដើម្បីបង្កើនចំនួនប្រជាជនដែលកំពុងធ្លាក់ចុះស្រាប់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១០ខែកុម្ភៈ ឆ្នាំ ២០២៥។
ការធ្លាក់ចុះនូវចំណាប់អារម្មណ៍ក្នុងការរៀបការ បង្កេីតគ្រួសារត្រូវបានដាក់បន្ទុកជាយូរមកហើយ ទៅលើការចំណាយលើការមើលថែទាំកូន និងការអប់រំខ្ពស់ក្នុងប្រទេសចិន។ លើសពីនេះ កំណេីនសេដ្ឋកិច្ចយឺតយាវនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ បានធ្វើឱ្យនិស្សិតបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ ពិបាកក្នុងការស្វែងរកការងារធ្វេី ហើយអ្នកដែលមានការងារមានអារម្មណ៍ មិនមានសុវត្ថិភាពអំពីអនាគតយូរអង្វែងរបស់ពួកគេ។
តួលេខពីក្រសួងកិច្ចការស៉ីវិល បានបង្ហាញថា គូស្នេហ៍ជាង ៦.១លានគូបានចុះឈ្មោះរៀបការកាលពីឆ្នាំ ២០២៤ ដោយធ្លាក់ចុះពីចំនួន ៧.៦៨លានគូឆ្នាំ ២០២៣។ តាមលោក Yi Fuxian អ្នកតាមដានប្រជាសាស្ត្រនៃសាកលវិទ្យាល័យ Wisconsin-Madison សូម្បីតែនៅឆ្នាំ ២០២០ ដោយសារវិបត្តកូវីដ១៩ ក៏ការរៀបអាពាហ៍ពិពាហ៍ថយចុះត្រឹមតែ ១២.២ភាគរយប៉ុណ្ណោះ។
លោក Yi Fuxian បានកត់សម្គាល់ថា ចំនួនអ្នកចង់រៀអាពាហ៍ពិពាហ៍កាលពីឆ្នាំមុន គឺតិចជាងពាក់កណ្តាលនៃចំនួន ១៣.៤៧លានគូក្នុងឆ្នាំ ២០១៣។ ប្រសិនបើនិន្នាការនេះនៅតែបន្ត មហិច្ឆតានយោបាយ និងសេដ្ឋកិច្ចរបស់រដ្ឋាភិបាលចិន នឹងត្រូវបំផ្លាញដោយបញ្ហាចំនួនប្រជាជនរបស់ខ្លួន។
គួរបញ្ជាក់ថា ចិន មានប្រជាជនច្រើនជាងគេលំដាប់ទីពីរនៅលើពិភពលោកគឺចំនួន ១.៤ពាន់លាននាក់។ អត្រាកំណើតបានធ្លាក់ចុះអស់ជាច្រើនទស្សវត្សរ៍ ដោយសារគោលនយោបាយមានកូន តែមួយឆ្នាំ ១៩៨០ ដល់ឆ្នាំ២០១៥ និងការកសាងទីក្រុងយ៉ាងឆាប់រហ័ស។ ហើយនៅក្នុងទស្សវត្សរ៍ខាងមុខ ប្រជាជនចិនប្រហែល ៣០០លាននាក់ ដែលស្មើនឹងចំនួនប្រជាជនអាមេរិកស្ទើរតែទាំងអស់ ត្រូវបានគេរំពឹងថានឹងចូលនិវត្តន៍៕