(ញូវដេលី)៖​ នៅក្នុងពិធីបើកពិព័រណ៍ផ្លូវអាកាសដ៏ធំបំផុតរបស់ប្រទេសឥណ្ឌា​ នាថ្ងៃចន្ទ​ ទី១០​ ខែកុម្ភៈ​ រដ្ឋមន្ត្រីការពារជាតិ លោ​ក​ Rajnath Singh បាននិយាយថា​ ឥណ្ឌាប្តេជ្ញាជំរុញការផលិត និងការនាំចេញអាវុធ​ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

ទីក្រុងញូវដែលី​ មានបំណងស្វែងរកកិច្ចសហការផលិតអាវុធ និងកិច្ចព្រមព្រៀងយោធាដែលមានតម្លៃរាប់ពាន់លានដុល្លារ​ នៅឯការតាំងពិព័រណ៍យន្តហោះ Aero India ដែលបានចាប់ផ្តើមនៅទីក្រុង Bengaluru ភាគខាងត្បូងប្រទេស។ ក្រុមហ៊ុនបរទេសជាង ១៥០ កំពុងចូលរួមក្នុងព្រឹត្តិការណ៍ ដែលដំណើរការរហូតដល់ថ្ងៃសុក្រ ខណៈរដ្ឋមន្ត្រីការពារជាតិ ឬតំណាងមកពីប្រទេសប្រហែល ៣០​ ក៏ត្រូវបានគេរំពឹងថានឹងមកចូលរួមផងដែរ។

ខណៈយន្តហោះចម្បាំងផលិតក្នុងស្រុករបស់ឥណ្ឌាកំពុងបង្ហាញសមត្ថភាព​ នៅឯពិពណ៌នោះ​ លោក​ Singh​ គូសបញ្ជាក់ថា​ «​យើងប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការបង្កើនចំនួនអាវុធ​ឱ្យបានកាន់តែច្រេីន​ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ»

គួរបញ្ជាក់ថា​ ឥណ្ឌា ដែលជាប្រទេសនាំចូលអាវុធធំជាងគេលើពិភពលោក បានសង្កត់ធ្ងន់លើតម្រូវការ ដើម្បីធ្វើទំនើបកម្មផ្នែកយោធា និងជំរុញការផលិតអាវុធក្នុងស្រុក ដើម្បីទប់ទល់នឹងគូប្រជែងរបស់ខ្លួនគឺចិន​ ទាំងកម្លាំងយោធា និងឥទ្ធិពលដែលកំពុងកើនឡើងនៅអាស៉ីខាងត្បូង។

បេីតាមលោក Singh តម្លៃផលិតកម្មលេីវិស័យការពារជាតិក្នុងស្រុករបស់ឥណ្ឌា​ នឹងកើនឡើងដល់ជាង ១.២៥ពាន់ពាន់លានរូពី ឬ​ ១៤.២៤ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធដែលបញ្ចប់នៅខែមីនា ហេីយការនាំចេញអាវុធរបស់ខ្លួន នឹងឆ្លងផុតកំណត់ត្រា ២១០ពាន់លានរូពីជាលើកដំបូង ក្នុងរយៈពេលដូចគ្នានេះ៕