(មូស្គូ)៖ សារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃចន្ទនេះ បានរាយការណ៍ថា ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានទទួលយក ការអញ្ជើញរបស់រុស្ស៉ី ដើម្បីចូលរួមទិវាអបអរជ័យជម្នះរបស់សូវៀត លើពួកណាហ្ស៉ីអាល្លឺម៉ង់ ក្នុងសម័យសង្រ្គាមលោកលើកទី២។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។

ដោយយោងតាមសម្តីឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំប្រទេសចិន លោក Igor Morgulov សារព័ត៌មាន TASS បាននិយាយថា ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានទទួលយកការអញ្ជើញ ដើម្បីមកចូលរួមពិធីអបអរសាទរ នាថ្ងៃទី៩ ខែឧសភា នៅទីក្រុងមូស្គូ សម្រាប់ឱកាសខួបទី៨០ នៃជ័យជម្នះរបស់រុស្ស៉ី កាលពីសង្រ្គាមលោកលើកទី២។ បើតាមលោក Morgulov លោក ស៉ី ក៏បានអញ្ជើញប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ទៅកាន់ប្រទេសចិនវិញផងដែរ ដើម្បីចូលរួមពិធីរំលឹកខួបរបស់ចិន នៃការបញ្ចប់សង្រ្គាមលោកលើកទី២ ដែលគ្រោងធ្វើឡើង នៅខែកញ្ញា។

សហភាពសូវៀត បានបាត់បង់ជីវិតមនុស្សសរុប ២៧លាននាក់ ក្នុងសង្រ្គាមលោកលើកទី២ ប៉ុន្តែនៅទីបំផុត បានវាយរុញច្រាន​កងកម្លាំងរបស់ណាហ្ស៉ី ឱ្យត្រឡប់ទៅដល់ទីក្រុងបែរឡាំងវិញ ជាទីដែលមេដឹកនាំណាហ្ស៉ីអាល្លឺម៉ង់ លោក Adolf Hitler បានសម្លាប់ខ្លួនឯង ហើយទង់ជ័យជម្នះពណ៌ក្រហមរបស់សូវៀត ត្រូវបានដោតនៅលើវិមានសភាអាល្លឺម៉ង់ ក្នុងឆ្នាំ១៩៤៥។

គួរបញ្ជាក់ថា ការចុះចាញ់ដោយឥតលក្ខខណ្ឌរបស់ណាហ្ស៉ីអាល្លឺម៉ង់ បានចូលជាធរមាននៅម៉ោង១១៖០១នាទីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ១៩៤៥ ដែលត្រូវបានកំណត់យកជា «ទិវាជ័យជម្នះនៅអឺរ៉ុប ឬ Victory in Europe Day» ដោយប្រទេសបារាំង ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ ប៉ុន្តែនៅទីក្រុងមូស្គូវិញ វាបានឈានចូលថ្ងៃទី៩ ខែឧសភា ទៅហើយ ជាហេតុនាំឱ្យថ្ងៃនោះ ត្រូវបានយកជា «ទិវាជ័យជម្នះ ឬ Victory Day» របស់សហភាពសូវៀត ក្នុងសង្រ្គាមលោកលើកទី២ ដែលប្រជាជនរុស្ស៉ីហៅថា សង្រ្គាមស្នេហាជាតិដ៏អស្ចារ្យ ឬ Great Patriotic War ឆ្នាំ១៩៤១ ដល់១៩៤៥៕