(ហ៊្សេរុយសាឡិម)៖ ក្រោយត្រឡប់ពីទីក្រុងវ៉ាស៉ីនតោនទៅដល់អ៉ីស្រាអែលវិញ លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានកោតសរសើរផែនការបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលចង់ឱ្យសហរដ្ឋអាមេរិកគ្រប់គ្រងលើតំបន់ហ្កាហ្សា និងការផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីនចេញពីតំបន់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ ២០២៥។
លោក Netanyahu បានប្រាប់គណៈរដ្ឋមន្ត្រីរបស់លោកថា សម្ព័ន្ធមិត្តទាំងពីរបានព្រមព្រៀងគ្នាលើគោលដៅសង្គ្រាមដែលកំណត់ដោយអ៉ីស្រាអែល នៅពេលចាប់ផ្តើមសង្រ្គាមរយៈពេល ១៥ខែរបស់ខ្លួនប្រឆាំងក្រុមហាម៉ាស រួមទាំងការធានាថាហ្កាហ្សាលែងជាគំរាមកំហែងដល់អ៉ីស្រាអែលទៀត។
ដោយសំដៅលេីផែនការគ្រប់គ្រងតំបន់ហ្កាហ្សា លោក Netanyahu គូសបញ្ជាក់ថា «លោកប្រធានាធិបតី ត្រាំ បានមកជាមួយនិងចក្ខុវិស័យខុសប្លែកគ្នាទាំងស្រុង និងប្រសើរជាងមុនសម្រាប់អ៉ីស្រាអែល ដែលជាវិធីសាស្រ្តបដិវត្តន៍ប្រកបដោយភាពច្នៃប្រឌិត ហេីយដែលយើងកំពុងពិភាក្សានាពេលនេះ។ គាត់ (លោក ត្រាំ) មានការតាំងចិត្តយ៉ាងខ្លាំងក្នុងការអនុវត្តផែនការនោះ ហើយខ្ញុំជឿថាវាបើកឱកាសច្រើនសម្រាប់ពួកយើង»។
គួរបញ្ជាក់ថា ទោះបីជាមានការរិះគន់ពីសម្ព័ន្ធមិត្តអន្តរជាតិ និងរដ្ឋអារ៉ាប់ជាពិសេសក៏ដោយ ថ្មីៗនេះលោក ត្រាំ បានបញ្ចេញផែនការទ្វេដងដោយនិយាយថា អ៉ីស្រាអែលនឹងប្រគល់តំបន់ហ្កាហ្សាមកឱ្យសហរដ្ឋអាមេរិក ក្រោយសង្រ្គាមបិទបញ្ចប់៕