(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា លោកប្តេជ្ញាទិញ និងកាន់កាប់តំបន់ហ្កាហ្សា ប៉ុន្តែអាចអនុញ្ញាតឱ្យផ្នែកខ្លះនៃទឹកដីដែលបំផ្លិចបំផ្លាញដោយសង្រ្គាម ត្រូវបានសាងសង់ឡើងវិញដោយប្រទេសផ្សេងទៀតនៅមជ្ឈិមបូព៌ា។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ ២០២៥។
នៅលើយន្តហោះ Air Force One ពេលកំពុងធ្វើដំណើរទៅកាន់ទីក្រុង New Orleans លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «ខ្ញុំប្ដេជ្ញាទិញ និងកាន់កាប់ហ្កាហ្សា។ ហេីយបេីនិយាយពីការងារសាងសង់តំបន់ឡើងវិញ យើងអាចប្រគល់ទៅឱ្យរដ្ឋផ្សេងទៀតនៅមជ្ឈិមបូព៌ាជួយផ្នែកខ្លះ តាមការណែនាំរបស់យើង។ ប៉ុន្តែយើងប្ដេជ្ញាធ្វើជាម្ចាស់លេីទីនោះ ហើយធ្វើឱ្យប្រាកដថាក្រុមហាម៉ាសមិនវិលត្រឡប់ទៅវិញ»។ លោកបន្ថែមថា «គ្មានអ្វីឱ្យផ្លាស់ទីត្រឡប់ទៅវិញកេីតទេ។ កន្លែងនោះខ្ទេចខ្ទីទៅហេីយ ហេីយកន្លែងនៅសល់នឹងត្រូវកម្ទេចចោល»។
លោក ត្រាំ ក៏បាននិយាយផងដែរថា លោកបើកចំហចំពោះលទ្ធភាពនៃការអនុញ្ញាតឱ្យជនភៀសខ្លួនប៉ាឡេស្ទីនមួយចំនួន ចូលទៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែនឹងពិចារណាដោយផ្អែកលើករណីនីមួយៗ។
គួរបញ្ជាក់ថា ក្រោយការកត់សម្គាល់បែបនេះរបស់ លោក ត្រាំ សមាជិកនៃការិយាល័យនយោបាយហាម៉ាស់ បាននិយាយថា ហ្កាហ្សាមិនមែនជាដីធ្លីដែលត្រូវទិញ-លក់ នោះទេ។ វាជាទឹកដីរបស់ប៉ាឡេស្ទីន ហើយប៉ាឡេស្ទីននឹងរារាំងផែនការផ្លាស់ទីលំនៅ៕