(រីយ៉ាដ)៖ អារ៉ាប៊ីសាអូឌីត និងបណ្ដាប្រទេសអារ៉ាប់ដទៃ បានថ្កោលទោសការលើកឡើងរបស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ដែលហាក់ចង់ឱ្យរដ្ឋប៉ាឡេស្ទីនត្រូវបានបង្កើតឡើង នៅលើទឹកដីអារ៉ាប៊ីសាអូឌីត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតថែមទាំងបានចោទប្រកាន់ទៀតផងថាបំណងរបស់លោក Netanyahu នោះគឺបង្វែរការចាប់អារម្មណ៍ចេញពី សកម្មភាពឧក្រិដ្ឋដែលអ៉ីស្រាអែលកំពុងប្រព្រឹត្តនៅក្នុងតំបន់ហ្កាហ្សា ក្នុងនោះរួមមានទាំងការបោសសម្អាតជាតិសាសន៍ជាដើម។ «ព្រះរាជាណាចក្រ សូមបញ្ជាក់ថាប្រជាជនប៉ាឡេស្ទីនមានសិទ្ធិរស់នៅលើទឹកដី របស់ពួកគេ ហើយពួកគេមិនមែនជាអ្នកឈ្លានពាន ឬក៏ជនអន្តោប្រវេសន៍ដែលអាចត្រូវបានគេបណ្ដេញចេញនៅពេលណាក៏បានតាមការចង់បានរបស់ការត្រួតត្រាដ៏ឃោរឃៅរបស់អ៉ីស្រាអែលនោះទេ»។ នេះជាការបញ្ជាក់បន្ថែមរបស់ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត។ ជាមួយគ្នានោះដែរ ប្រមុខសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul Gheit បាននិយាយថាគំនិតនៅពីក្រោយការលើកឡើងរបស់លោក Netanyahu គឺជារឿងមិនអាចទទួលយកបាន និងឃ្លាតឆ្ងាយពីការពិត ហើយគ្រាន់តែជាគំនិតរវើរវាយតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន នៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតអ៉ីស្រាអែលមាននិន្នាការស្ដាំនិយម លោក Yaakov Bardugo លើកិច្ចពិភាក្សាអំពីលទ្ធភាពនៃការភ្ជាប់ទំនាក់ទំនង ជាប្រក្រតីជាមួយអារ៉ាប៊ីសាអូឌីត លោក Netanyahu មិនដឹងជាភាន់ច្រឡំ ឬមានចេតនានោះទេ ដោយលោកបាននិយាយថាវានឹងមិនមានភាពរីកចម្រើនឡើយ បើគ្មានការបង្កើតរដ្ឋអារ៉ាប៊ីសាអូឌីត។ អារ៉ាប៊ីសាអូឌីត បានបញ្ជាក់ជារឿយៗថាខ្លួននឹងមិនភ្ជាប់ទំនាក់ទំនងជាមួយអ៉ីស្រាអែល ដោយមិនមានការបង្កើតរដ្ឋប៉ាឡេស្ទីននោះទេ។ ក្រោយមក លោក Netanyahu បានកែតម្រូវឡើងវិញថា «រដ្ឋប៉ាឡេស្ទីន»។ ប៉ុន្តែ នាយករដ្ឋមន្ត្រីអ៉ីស្រាអែលរូបនេះនៅតែនិយាយបែបលេងសើចថា «លើកលែងតែអ្នកចង់បង្កើតរដ្ឋប៉ាឡេស្ទីន នៅក្នុងទឹកដីអារ៉ាប៊ីសាអូឌីត។ ពួកគេ (អារ៉ាប៊ីសាអូឌីត) មានទឹកដីធំណាស់»