(គែរ)៖ អ្នកនាំពាក្យម្នាក់របស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានឱ្យដឹងថាប្រតិភូអ៉ីស្រាអែលមួយក្រុមបានធ្វើដំណើរទៅដល់ប្រទេសកាតាហើយ កាលពីថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ សម្រាប់ កិច្ចចរចាបន្ថែមពាក់ព័ន្ធនឹងតំបន់ហ្កាហ្សា ខណៈយោធាអ៉ីស្រាអែលត្រូវបានរាយការណ៍ថាបានដកថយចេញពីច្រកឆ្លងកាត់ដ៏សំខាន់មួយនៅក្នុងតំបន់ហ្កាហ្សា ស្របតាមការឯកភាពគ្នាក្រោមបទឈប់បាញ់ ជាមួយហាម៉ាស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
កិច្ចចរចាដោយប្រយោលរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន ស្ដីពីដំណាក់កាលបន្ទាប់នៃបទឈប់បាញ់គ្រោងនឹងប្រព្រឹត្តទៅនៅក្នុងសប្ដាហ៍នេះ ក្រោយដំណើរទស្សនកិច្ចរបស់លោក Netanyahu ទៅកាន់សហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុន។ តែយ៉ាងណាក៏ដោយ ប្រភពមួយមកពីការិយាល័យរបស់លោក Netanyahu បានឱ្យដឹងថាក្នុងពេលនេះ ក្រុមប្រតិភូអ៉ីស្រាអែលនឹងគ្រាន់តែពិភាក្សាគ្នាអំពី បញ្ហាបច្ចេកទេសតែប៉ុណ្ណោះ ជាជាងពិភាក្សាគ្នាលើប្រធានបទសំខាន់ៗក្នុងនោះរួមមានទាំងការគ្រប់គ្រងតំបន់ហ្កាហ្សាបន្ទាប់ពីការបិទបញ្ចប់សង្រ្គាមហ្កាហ្សា។
កាលពីសប្ដាហ៍មុន លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្កភាពភ្ញាក់ផ្អើលជាខ្លាំងដោយលោកអំពាវនាវឱ្យប្រជាជនប៉ាឡេស្ទីនទាំងអស់ចាកចេញពីតំបន់ហ្កាហ្សា ហើយថានឹងចង់ឱ្យសហរដ្ឋអាមេរិក ក្លាយជាម្ចាស់កម្មសិទ្ធិលើតំបន់មួយនេះ។ ក្រុមមន្ត្រីអាមេរិកបានព្យាយាមបន្ធូរបន្ថយស្ថានការណ៍ ដោយនិយាយថាប្រជាជនប៉ាឡេស្ទីនអាចត្រឡប់ទៅកាន់តំបន់ហ្កាហ្សាវិញ នៅពេលការបោសសម្អាតគ្រាប់មីន និងការកសាងតំបន់ហ្កាហ្សាឡើងវិញរួចរាល់។ ប៉ុន្តែ ក្រុមប្រទេសអារ៉ាប់បានច្រានចោលផែនការរបស់លោក ត្រាំ រីឯក្រុមអ្នករិះគន់ចោទថាផែនការនេះបើត្រូវបានអនុវត្តពិតមែន នោះវានឹងក្លាយជាទង្វើ បោសសម្អាតជាតិសាសន៍៕