(Reuters)៖ ផែនការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីបញ្ចប់សង្រ្គាមភ្លាមៗនៅអ៊ុយក្រែន ត្រូវតែមិនមែនត្រឹមបញ្ឈប់សង្រ្គាមប៉ុណ្ណោះ ប៉ុន្តែក៏ត្រូវធានាឱ្យបានផងដែរថានឹងមិន មានការឈ្លានពានជាថ្មីណាមួយពីរុស្ស៉ី តទៅទៀត។ នេះជាការលើកឡើងរបស់លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោកប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ។ តាមលោក ហ្សេលេនស្គី អ៊ុយក្រែនមិនចង់ ឱ្យរឿងច្រំដែលនៃការបំពានកិច្ចព្រមព្រៀងសន្តិភាព ព្រមទាំងកិច្ចចរចាដែលបរាជ័យក្នុងការសម្រេចឱ្យបាននូវលទ្ធផលកាលពីដើមទីនៃការឈ្លានពានរបស់រុស្ស៉ីកើតឡើងសាជាថ្មីទៀតនោះទេ។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ITV របស់ចក្រភពអង់គ្លេស លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា «ការផ្អាកជម្លោះនឹងមានតែនាំទៅរកការឈ្លានពានម្ដងហើយម្ដងទៀតតែប៉ុណ្ណោះ»។ លោក បន្ថែមថា លោក ដូណាល់ ត្រាំ ចាំបាច់ត្រូវតែធ្វើយ៉ាងណាធានាឱ្យបានថា (ប្រធានាធិបតីរុស្ស៉ី) លោក ពូទីន នឹងមិនមានឱកាសដើម្បីចាប់ផ្ដើមសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែនសាជាថ្មី ហើយនេះគឺ ជារឿងដ៏សំខាន់ដែលមនុស្សគ្រប់គ្នាគួរតែទទួលស្គាល់។

គួរបញ្ជាក់ថា លោក ហ្សេលេនស្គី បានបញ្ជាក់ជាច្រើនលើកមកហើយពីឆន្ទៈរៀបចំកិច្ចចរចាជាមួយរុស្ស៉ី ដើម្បីបិទបញ្ចប់សង្រ្គាម ដោយមានការចូលរួមផងដែរពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប៕