(បរទេស)៖ នៅទីបំផុតមេក្លោងធំនៃឧក្រិដ្ឋកម្មផ្លូវភេទតាមរយៈ Telegram នៅក្នុងប្រទេសកូរ៉េខាងត្បូងត្រូវបានបង្ហាញ បន្ទាប់ពី​អាជ្ញាធរបាន​បើកការស៊ើបអង្កេតអស់រយៈពេលជាច្រើនខែ ពោលគឺក្រោយពេលលោក Pavel Durov នាយកប្រតិបត្តិ Telegram ត្រូវបាន​ចាប់​ខ្លួន​នៅ​ក្នុងប្រទេសបារាំង។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Korea Times បានឱ្យដឹងថា ទីភ្នាក់ងារប៉ូលីសក្រុងសេអ៊ូល បានបង្ហាញថា មេដឹកនាំនៃ​បណ្តាញ​ឧក្រិដ្ឋកម្មផ្លូវភេទតាមរយៈ Telegram ដែលបានកេងប្រវ័ញ្ចលើជនរងគ្រោះ ២៣៤នាក់ ចាប់តាំងពីឆ្នាំ ២០២០ គឺមាន​ឈ្មោះ​ថា Kim Nok-wan វ័យ ៣០ឆ្នាំ។

អាជ្ញាធរបានសម្រេចចិត្តបញ្ចេញអត្តសញ្ញាណរបស់មេក្លោងរូបនេះ​នៅក្នុងអំឡុងកិច្ចប្រជុំ​មួយកាលពីថ្ងៃទី២២ ខែមករាកន្លងទៅ ប៉ុន្តែលោក Kim បានស្នើសុំទៅកាន់តុលាការរដ្ឋបាលក្រុងសេអ៊ូល​កុំឱ្យបង្ហាញអត្តញ្ញាណ​របស់លោក តែសំណើមួយនេះត្រូវបានតុលារ​ច្រានចោល ទើប​អាជ្ញាធរសម្រេចនឹងប្រកាសបង្ហាញអត្តសញ្ញាណជាផ្លូវការនៅថ្ងៃទី១០ ខែមីនាខាងមុខ។

បុរសម្នាក់នេះ បានបង្កើត Telegram Group មួយដែលមានឈ្មោះថា «The Vigilantes» និងបានហៅខ្លួនឯងថា «Pastor ឬគ្រូ​គង្វាល» កាលពីខែឧសភា ឆ្នាំ២០២០។ Group មួយនេះទទួលបានសមាជិកយ៉ាងលឿន ហើយវាក៏ជាឱកាសល្អដែលលោក Kim ក្នុងនាមជា​គ្រូ​គង្វាល​ចាប់ផ្ដើមប្រតិបត្តិការប្រើប្រាស់បច្ចេកវិទ្យាក្លែងបន្លំ Deepfake បង្កើតរូបភាពអាសអាភាសក្លែងក្លាយ ដោយមានជន​រង​គ្រោះ​ ២៣៤​នាក់ មាន​ ១៥៩​នាក់​ជា​ក្មេង​ជំទង់, អនីតិជនចំនួន ១០នាក់ត្រូវបានចាប់រំលោភ ថតវីដេអូ។

បន្ទាប់ពីបានបើកការស៊ើបអង្កេតទៅលើកម្មវិធីផ្ញើសារ Telegram កាន់តែជ្រៅទៅៗ អាជ្ញាធរ ក៏ដូចជារដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូង​បានណែនាំឱ្យអ្នកប្រើប្រាស់ងាកទៅប្រើកម្មវិធីក្នុងស្រុកដូចជា kakaotalk ជំនួសវិញ ព្រោះវា​មាន​សុវត្ថភាព និង​ងាយស្រួលក្នុងការរក្សានូវឯកជនភាព និងល្មើសផ្សេងៗ៕