(កៀវ)៖ យោធាអ៊ុយក្រែន បានប្រកាសឱ្យដឹងនៅថ្ងៃអាទិត្យនេះថា ខ្លួនបានបាញ់ទម្លាក់ យន្តហោះគ្មានមនុស្សបើក (ដ្រូន) ចំនួន ៧០គ្រឿងក្នុងចំណោម ១៥១គ្រឿង ដែលរុស្ស៊ីបានបាញ់បង្ហោះសំដៅវាយប្រហារមកលើអ៊ុយក្រែន ក្នុងរយៈពេលមួយយប់។ នេះបើយោងតមាការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
កងទ័ពអាកាសអ៊ុយក្រែនបានបញ្ជាក់ថា យន្តហោះដ្រូនចំនួន ៧៤គ្រឿងបានវង្វេងគោលដៅ ដែលទំនងជាដោយសារប្រព័ន្ធសង្គ្រាមអេឡិចត្រូនិកចូលជ្រៀតជ្រែក ហើយ ២ គ្រឿងទៀតនៅតែស្ថិតលើអាកាស។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានថ្លែងថា ក្នុងរយៈពេលមួយ សប្តាហ៍ រុស្ស៊ីបានបាញ់ទម្លាក់គ្រាប់បែកពីលើអាកាសចំនួន ១,២៦០ គ្រាប់ យន្តហោះដ្រូនជិត ៧៥០គ្រឿង និងមីស៊ីលជាង ១០ប្រភេទផ្សេងៗគ្នាមកលើអ៊ុយក្រែន។
ទន្ទឹមគ្នានេះ លោក Zelenskiy បានប្រើប្រាស់ព្រឹត្តិការណ៍នេះដើម្បីអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មកាន់តែខ្លាំងលើរុស្ស៊ី ជាពិសេសលើវិស័យថាមពល និងបានស្នើឱ្យមានការវិនិយោគក្នុងឧស្សាហកម្មការពារជាតិរបស់អ៊ុយក្រែន៕