New York Post: លោក ត្រាំ ថាបានជជែកជាមួយលោក ពូទីន អំពីការបិទបញ្ចប់សង្រ្គាមអ៊ុយក្រែន (Video inside)
09-02-2025 14:10
(Reuters)៖ សារព័ត៌មានអាមេរិក New York Post បានរាយការណ៍កាលពីថ្ងៃទី៨ ខែកុម្ភៈថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថារូបលោកផ្ទាល់បានជជែកជាមួយ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ អំពីការបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាម New York Post នៅក្នុងបទសម្ភាសន៍មួយនៅលើយន្ដហោះ Air Force One កាលពីថ្ងៃសុក្រកន្លងទៅនេះ លោក ត្រាំ បាននិយាយថាលោក ពូទីន មិនចង់ឃើញមនុស្សស្លាប់ តទៅទៀត នោះទេ។ លោក ត្រាំ បានប្រាប់សារព័ត៌មានអាមេរិកនេះទៀតថាលោកតែងតែមានទំនាក់ទំនងល្អជានិច្ច ជាមួយលោក ពូទីន ហើយថារូបលោកមានផែនការយ៉ាងហ្មត់ចត់មួយក្នុងការបញ្ចប់ សង្រ្គាម។ តែមិនបានផ្ដល់ព័ត៌មានលម្អិតអ្វីលម្អិតនោះទេ។ «ខ្ញុំសង្ឃឹមថាវាដំណើរការយ៉ាងលឿនរហ័ស។ មនុស្សកំពុងស្លាប់ជារៀងរាល់ថ្ងៃ។ នេះជាសង្រ្គាមដ៏អាក្រក់នៅអ៊ុយក្រែន។ ខ្ញុំចង់បិទ បញ្ចប់រឿងដ៏អាក្រក់មួយនេះ»។ នេះជាការបន្ថែមរបស់លោក ត្រាំ ប្រាប់ New York Post។
កាលពីចុងខែមករា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថាលោក ពូទីន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ត្រាំ ហើយ ថាទីក្រុងមូស្គូកំពុងទន្ទឹងរង់ចាំការឆ្លើយតបពីទីក្រុងវ៉ាស៊ីនតោន។ ដោយឡែក កាលពីថ្ងៃសុក្រកន្លងទៅនេះ លោក ត្រាំ បាននិយាយថារូបលោកអាចនឹងបើកកិច្ចសន្ទនាជាមួយ លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅសប្ដាហ៍ក្រោយ ដើម្បីពិភាក្សាពីការបិទបញ្ចប់សង្រ្គាម៕