(បាងកក)៖ ក្រុមគ្រួសារសាច់ញាតិរបស់ពលករថៃដែលត្រូវបានចាប់ជាចំណាប់ខ្មាំងនៅក្នុងតំបន់ហ្កាហ្សាអស់រយៈពេលជាង១មួយឆ្នាំមកនេះ បានសម្រក់ទឹកភ្នែកជាមួយក្ដីរីករាយ និងឱប មនុស្សជាទីស្រឡាញ់ ខណៈពួកគេបានធ្វើដំណើរមកដល់ទីក្រុងបាងកក នៅថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ជនជាតិថៃទាំង៥នាក់ បានញញឹមនៅពេលពួកគេបានដើរចេញពីអាកាសយានដ្ឋានសុវណ្ណភូមិ ក្នុងទីក្រុងបាងកក ក្រោយត្រូវបានដោះលែងឱ្យមានសេរីភាព កាលពីថ្ងៃទី៣០ ខែមករា ក្រោម ក្របខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់មួយរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស។ ជនជាតិថៃទាំង៥នាក់នេះដែរត្រូវបានទទួលស្វាគមន៍ពីមនុស្សមួយក្រុមតូច ដែលរួមមានសាច់ញាតិ និងក្រុមមន្ត្រីមកពីក្រសួងការបរទេសថៃ។ ព្រមពេលជាមួយគ្នា មន្ត្រីម្នាក់មកពីក្រសួងការងារថៃ បានឱ្យដឹងនៅថ្ងៃអាទិត្យដែរថាជនជាតិទាំង៥នាក់ខាងលើនឹងទទួលបានប្រាក់ឧបត្ថម្ភ ម្នាក់ ១៨ ០០០ដុល្លារ រួមជាមួយប្រាក់បៀវត្សប្រចាំខែ ៩០០ដុល្លារ រហូតដល់ពួកគេមានអាយុ ៨០ឆ្នាំ ដើម្បីធានាថាពួកគេនឹងមិនត្រឡប់ទៅកាន់ប្រទេសអ៉ីស្រាអែលវិញ។
គួរបញ្ជាក់ថា នៅពេលក្រុមហាម៉ាសវាយប្រហារលើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ជនជាតិថៃ ៣១នាក់ ត្រូវបានចាប់ពង្រត់ជាចំណាប់ខ្មាំង ហើយក្នុងចំណោមពួកគេ មាន ២៣នាក់ត្រូវបានដោះលែងកាលពីចុងឆ្នាំ២០២៣ និងមាន២នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់កាលពីខែឧសភា ឆ្នាំ២០២៤ ខណៈជនជាតិថៃម្នាក់ទៀត ត្រូវបានគេជឿជាក់ថា កំពុងស្ថិតក្នុងតំបន់ហ្កាហ្សានៅឡើយ៕