(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានរិះគន់កិច្ចសហប្រតិបត្តិការយោធាត្រីភាគីរវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងថាជាដើមហេតុបង្កើនភាពតានតឹងនៅក្នុងតំបន់ ហើយសន្យាថានឹងវិធានការ ទប់ទល់ ក្នុងនោះរួមមានទាំងការអភិវឌ្ឍកងកម្លាំងនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមសេចក្ដីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ លោក គីម ជុងអ៊ុន បានកត់សម្គាល់ទៀតថាការដាក់ពង្រាយអាវុធយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ការធ្វើសមយុទ្ធ រួមទាំង កិច្ចសហប្រតិបត្តិការយោធាជាមួយជប៉ុន និងកូរ៉េខាងត្បូង បានបង្កឱ្យមានអតុល្យភាពយោធាក្នុងតំបន់ និងបង្កជាបញ្ហាប្រឈមកាន់តែមានសភាពធ្ងន់ធ្ងរដល់បរិយាកាសសន្តិសុខ។ «DPRK (ឈ្មោះផ្លូវការរបស់កូរ៉េខាងជើង) មិនចង់បង្កភាពតានតឹងក្នុងតំបន់នោះទេ ប៉ុន្តែដាច់ខាតត្រូវតែចាត់វិធានការទប់ទល់ ដើម្បីធានាតុល្យភាពយោធាតំបន់»។ នេះជាការគូសបញ្ជាក់របស់លោក គីម ជុងអ៊ុន អំឡុងធ្វើទស្សនកិច្ចមួយទៅកាន់ក្រសួងការពារជាតិ នៃប្រទេសកូរ៉េខាងជើង កាលពីថ្ងៃសៅរ៍ ដើម្បីរំឮកដល់ខួបបង្កើតកងទ័ពកូរ៉េកូរ៉េខាងជើង។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅបន្ទាប់ពីកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba កាលពីថ្ងៃសៅរ៍ បាននិយាយថាលោកនឹងទំនាក់ទំនងជាមួយកូរ៉េខាងជើង ខណៈមេដឹកនាំទាំង២ បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។ ប៉ុន្តែ អំឡុងធ្វើទស្សនកិច្ចនោះ លោក គីម ជុងអ៊ុន បានបញ្ជាក់ជាថ្មីឡើងវិញថាកូរ៉េខាងជើងនឹងនៅតែបន្តអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយពាក់ព័ន្ធ នឹងសង្រ្គាមរបស់រុស្ស៉ីប្រឆាំងអ៊ុយក្រែនវិញ លោក គីម បានអះអាងថាកងទ័ព និងប្រជាជនកូរ៉េខាងជើង នឹងគាំទ្រដោយឥតងាករេចំពោះរុស្ស៉ី ហើយនឹងលើកទឹកចិត្តដល់បុព្វហេតុរបស់កងទ័ព និងប្រជាជនរុស្ស៉ីក្នុងការការពារ អធិបតេយ្យ សន្តិសុខ និងបូរណភាពទឹកដីរបស់ខ្លួន ស្របទៅតាមស្មារតីនៃសិទ្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកូរ៉េខាងជើង និងរុស្ស៉ី៕