(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានបង្ហាញសុទិដ្ឋិនិយមនៅថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ ថាប្រទេសរបស់លោកអាចគេចផុតពីការដំឡើងពន្ធពីសហរដ្ឋអាមេរិក ដោយសង្កត់ធ្ងន់ថាលោកប្រធានាធិបតី ដូណាល់ ត្រាំ បានទទួលស្គាល់ពីការវិនិយោគយ៉ាងធំសម្បើមនៅក្នុងសហរដ្ឋអាមេរិក ដែលជួយបង្កើតការងារឱ្យប្រជាជនអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅឯកិច្ចប្រជុំកំពូលជាលើកដំបូង នៅឯសេតវិមានកាលពីថ្ងៃសុក្រ លោក Ishiba បានប្រាប់ទូរទស្សន៍ជប៉ុន NHK ថាលោកបានពន្យល់លោក ត្រាំ ពីរបៀបដែលក្រុមហ៊ុនផលិតរថយន្ដជប៉ុនបានជួយបង្កើតការងារនៅក្នុង សហរដ្ឋអាមេរិក។ ប៉ុន្តែ មេដឹកនាំនៃប្រទេសទាំង២ មិនបានបញ្ជាក់លម្អិតអំពីកិច្ចពិភាក្សាស្ដីពីការយកពន្ធលើរថយន្ដនោះទេ ខណៈលោក Ishiba បាននិយាយថាលោកផ្ទាល់ក៏មិនច្បាស់នោះដែរថាតើជប៉ុនអាចនឹងក្លាយជា កម្មវត្ថុនៃការដំឡើងពន្ធដាក់គ្នាទៅវិញទៅមកដែរឬក៏យ៉ាងណានោះទេ បន្ទាប់ពីលោក ត្រាំ បានសន្យាថាយកពន្ធលើការនាំចូល។

តែទោះជាបែបនេះក្ដី លោកនាយករដ្ឋមន្ត្រីជប៉ុន បានបញ្ជាក់ថាលោកនៅតែជឿជាក់ថាលោក ត្រាំ បានទទួលស្គាល់ការពិត នោះគឺជប៉ុនជាអ្នកវិនិយោគធំបំផុតរបស់ពិភពលោកនៅក្នុងសហរដ្ឋអាមេរិក អស់រយៈពេល ៥ឆ្នាំ ជាប់ៗគ្នា និងមានភាពខុសប្លែកពីប្រទេសផ្សេងដទៃ។ «ជប៉ុនបានបង្កើតការងារជាច្រើននៅក្នុងសហរដ្ឋអាមេរិក។ ដូច្នេះខ្ញុំជឿថា (វ៉ាស៊ីនតោន) នឹងមិនអនុវត្តគំនិតដំឡើងពន្ធនោះទេ»។ នេះជាការបន្ថែមរបស់លោក Ishiba ជាមួយការបង្ហាញពីគំនិតសុទុដ្ឋិនិយមថាជប៉ុន និងសហរដ្ឋអាមេរិកអាចបញ្ចៀសការសង្រ្គាមដំឡើងពន្ធដាក់គ្នាទៅវិញទៅមក ហើយថាការយកពន្ធគួរតែធ្វើឡើងក្នុងផ្លូវមួយដែលផ្ដល់ផលចំណេញដល់ ភាគីទាំង សងខាង។

គួរបញ្ជាក់ថា បើតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មអាមេរិក ជប៉ុនគឺជាអ្នកវិនិយោគបរទេសធំបំផុតនៅក្នុងសហរដ្ឋអាមេរិក កាលពីឆ្នាំ២០២៣ ជាមួយការបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់ ៧៨៣.៣ពាន់លានដុល្លារ តាមពីក្រោយដោយកាណាដា និងអាល្លឺម៉ង់៕