(ប៉េកាំង)៖ ចិនបានចេញមុខរិះគន់អ្វីដែលខ្លួនហៅថា ផ្នត់គំនិតសម័យសង្រ្គាមត្រជាក់ របស់ទីក្រុងវ៉ាស៉ីនតោន នៅអាមេរិកឡាទីន បន្ទាប់ពីប្រទេសប៉ាណាម៉ា បានប្រកាសដកខ្លួនចេញពី គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) របស់ទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៥។

អ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីថ្ងៃសុក្រ បានរិះគន់អាមេរិក ថាបានប្រើប្រាស់សម្ពាធនិងការបង្ខិតបង្ខំ ដើម្បីលាបពណ៌ និងរារាំងកិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ ដែលទង្វើនេះលាតត្រដាងឱ្យឃើញយ៉ាងច្បាស់ម្តងទៀត នូវចរិតអនុត្តរភាពនិយម របស់សហរដ្ឋអាមេរិក។ រីឯនាថ្ងៃសៅរ៍នេះ មន្រ្តីក្រសួងការបរទេសចិន បានបង្ហាញការសោកស្តាយ ចំពោះការសម្រេចចិត្តរបស់​ប៉ាណាម៉ា ហើយបានបង្ហាញក្តីសង្ឃឹមថា ប៉ាណាម៉ា នឹងធ្វើកម្ចាត់ចោល ការជ្រៀតជ្រែកនានាពីខាងក្រៅ ហើយធ្វើការសម្រេចចិត្ត ដែលត្រឹមត្រូវ ដោយផ្អែកលើស្ថានការណ៍ពេញលេញទាំងស្រុង នៃទំនាក់ទំនងការទ្វេភាគី រួមទាំងផលប្រយោជន៍រយៈពេលវែង របស់ប្រជាជនប្រទេសទាំងពីរ។

ប៉ាណាម៉ា កាលពីឆ្នាំ២០១៧ បានក្លាយជាប្រទេសដំបូងគេ ក្នុងតំបន់អាមេរិកឡាទីន ដែលបានចូលរួមក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធយក្ស BRI ដែលជា​សសរគ្រឹះចម្បងបំផុត នៃកិច្ចប្រឹងប្រែងរបស់ប្រធានាធិបតីចិន លោក ស៉ី ជីនពីង ក្នុងការពង្រីកឥទ្ធិពលចិន នៅលើ​ពិភពលោក។ ក៏ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតីប៉ាណាម៉ា លោក Jose Raul Mulino បានប្រកាសថា ប្រទេសរបស់លោក ​បានដាក់ការជូនដំណឹងជាផ្លូវការហើយ អំពីបំណងចាកចេញពីគម្រោង BRI ដែលធ្វើឡើង ក្រោយទស្សនកិច្ចរបស់ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio ទៅកាន់ប៉ាណាម៉ា។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមចង់គ្រប់គ្រងព្រែកជីកប៉ាណាម៉ា ដោយចោទប្រកាន់ថា ប៉ាណាម៉ា បានផ្តល់ការត្រួតត្រាដោយសន្សឹមៗ នៃច្រកផ្លូវទឹកដ៏សំខាន់មួយនេះ ឱ្យទៅចិន ជាការចោទប្រកាន់ដែលទាំងប៉ាណាម៉ានិងចិន បានច្រានចោល។ ទីក្រុងវ៉ាស៉ីនតោន បានព្រមានធ្វើសកម្មភាពប្រឆាំងប៉ាណាម៉ា ប្រសិនបើមិនព្រមធ្វើការកែប្រែជាបន្ទាន់ទេនោះ ដើម្បីកាត់បន្ថយឥទ្ធិពលរបស់ចិន លើព្រែកជីកប៉ាណាម៉ា៕