Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ថាប័នព័ត៌មានអន្តរជាតិធំៗ ចេញមុខបដិសេធការចោទប្រកាន់របស់លោក ត្រាំ ដែលថាបានទទួលលុយពីទីភ្នាក់ងារ USAID (Video inside)

08-02-2025 10:35

(វ៉ាស៉ីនតោន)៖ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិធំៗ បាននាំគ្នាចេញមុខច្រានចោល ការចោទប្រកាន់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលថា ទីភ្នាក់ងារផ្តល់ជំនួយបរទេសរបស់អាមេរិក USAID បានប្រើប្រាស់លុយរាប់លានដុល្លារ ដែលបានមក​ពីការបង់ពន្ធរបស់ប្រជាជនអាមេរិក ទៅសូកប៉ាន់បណ្តាស្ថាប័នព័ត៌មាន ដើម្បីជាថ្នូរជួយផ្សាយរឿងៗល្អ ឱ្យបក្សប្រជាធិបតេយ្យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងសប្តាហ៍នេះ លោក ដូណាល់ ត្រាំ ដែលមកពីគណបក្សសាធារណរដ្ឋ បានបង្ហោះសារលើប្រព័ន្ធទំនាក់ទំនងសង្គម យ៉ាងដូច្នេះថា «ហាក់មើលទៅ លុយខ្ទង់រាប់ពាន់លានដុល្លារ ត្រូវបានលួចបន្លំនៅឯ USAID ព្រមទាំងនៅទីភ្នាក់ងារដទៃទៀត ដោយលុយជាច្រើន គឺទៅកាន់បណ្តាញព័ត៌មានក្លែងក្លាយ ដើម្បីជាការសូកប៉ាន់ សម្រាប់ការផលិតអត្ថបទរឿងល្អៗ អំពីគណបក្សប្រជាធិបតេយ្យ»

លោក ត្រាំ បានចោទថា Politico ដែលជាសារព័ត៌មានអាមេរិកធំមួយថា បានទទួលលុយចំនួន ៨លានដុល្លារពី USAID។ Politico រួមជាមួយស្ថាប័នព័ត៌មានអន្តរជាតិធំៗមួយចំនួនទៀត ដែលរងការចោទប្រកាន់ ដូចជា Associated Press (AP), New York Times, BBC និង Reuters ជាដើម បានចេញមុខបដិសេធថា ពួកគេមិនដែលទទួលបានមូលនិធិពីទីភ្នាក់ងារ USAID ដូចការចោទឡើយ។

គួរបញ្ជាក់ថា USAID គឺជាស្ថាប័នឯករាជ្យ ដែលទទួលបន្ទុកចម្បង លើការងារចែកចាយជំនួយមនុស្សធម៌និងអភិវឌ្ឍន៍ របស់សហរដ្ឋអាមេរិក នៅជុំវិញពិភពលោក។ រដ្ឋបាលលោក ត្រាំ កំពុងធ្វើការដើម្បីបិទទីភ្នាក់ងារនេះ ក្នុងនាមជាទីភ្នាក់ងារឯករាជ្យ ហើយដាក់វាឱ្យស្ថិតនៅក្រោម​ក្រសួងការបរទេសវិញ ព្រមទាំងកាត់បន្ថយចំនួនបុគ្គលិកបច្ចុប្បន្ន ប្រមាណជា ១០ ០០០នាក់ ដែលបើតាមសេចក្តីរាយការណ៍ព័ត៌មាន គឺឱ្យមកនៅសល់ត្រឹមប៉ុន្មានរយនាក់ប៉ុណ្ណោះ ហើយពិនិត្យឡើងវិញចំពោះ អាទិភាពនៃការផ្តល់ជំនួយ ដើម្បីឱ្យស្របជាមួយ​គោលនយោបាយ America First របស់លោក៕