(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស៊ីញេលើបទបញ្ជាប្រតិបត្តិមួយ កាលពីថ្ងៃទី៤ ខែកុម្ភៈ ដើម្បីដកសហរដ្ឋអាមេរិកចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ UNHRC។ តាមរយៈក្រឹត្យនេះ សហរដ្ឋអាមេរិកត្រូវដកខ្លួនចេញពី UNHRC ហើយបញ្ឈប់ការផ្ដល់មូលនិធិសម្រាប់ទីភ្នាក់ងារផ្ដល់ជំនួយរបស់ UN សម្រាប់ប្រជាជនប៉ាឡេស្ទីន ឬហៅកាត់ថា UNRWA ព្រមទាំងបញ្ជាឱ្យពិនិត្យឡើងវិញពីការចូលរួមរបស់អាមេរិកនៅក្នុងអង្គការ UNESCO ដែលលោក ត្រាំ ធ្លាប់បានដកអាមេរិកចេញការពីអំឡុងអាណត្តិទី១របស់លោក ក៏ដូចជាស៊ើបអង្កេតលើការផ្ដល់ជំនួយ របស់សហរដ្ឋអាមេរិកសម្រាប់ UN ទៀតផង។
ការចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិខាងលើកើតមានឡើងក្នុងថ្ងៃតែមួយដែលលោក ត្រាំ បានជួបជាមួយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ក្នុងទីក្រុងវ៉ាស៊ីនតោន។ លោក Benjamin Netanyahu គឺជាមនុស្សម្នាក់ដែលធ្លាប់តែរិះគន់ឥតសំច្ចៃមាត់លើ UNHRC ដោយនិយាយថាទីភ្នាក់ងារ UN មួយនេះមាន «ទំនោរប្រឆាំងនឹងអ៉ីស្រាអែលដោយបើកចំហ»។ UNHRC មាន ប្រធានបទជាអចិន្ត្រៃយ៍មួយនៅក្នុងរបៀបវារៈរបស់ខ្លួនដែលគេស្គាល់ថា Item 7 និងដែលផ្ដោតសំខាន់លើកិច្ចពិភាក្សាពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងដែនដីប៉ាឡេស្ទីន និងដែនដីអារ៉ាប់មួយចំនួនទៀត ដែលត្រូវបានគេធ្វើអាណានិគម។
កាលពីថ្ងៃទី៥ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសអ៉ីស្រាអែល លោក Gideon Saar បាននិយាយថាអ៉ីស្រាអែលស្វាគមន៍ការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ហើយថាអ៉ីស្រាអែលនឹងយកគំរូតាម និងប៉ុន្មាន ម៉ោងក្រោយ អ៉ីស្រាអែលបានប្រកាសដកខ្លួនចេញពី UNHRC តែម្ដង។ សហរដ្ឋអាមេរិក បានដើរចេញចូល UNHRC ដូចជាផ្ទះ ដោយប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ បានដកអាមេរិកចេញ ហើយប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យនាំសហរដ្ឋអាមេរិកចូលវិញ។
* តើ UNHRC ជាអ្វី និងមានតួនាទីអ្វី?
ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ឬហៅកាត់ UNHRC មានសមាជិក ៤៧ប្រទេសដែលតែងតែជួបប្រជុំគ្នាជារៀងរាល់ឆ្នាំ នៅឯការិយាល័យ UN ក្នុងទីក្រុងហ្សឺណែវ ដើម្បីពិភាក្សាអំពីបញ្ហា សិទ្ធិមនុស្ស។ UNHRC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ និងមានភារកិច្ចពង្រឹងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅជុំវិញពិភពលោក។ នេះបើតាមការបញ្ជាក់របស់អង្គការសហប្រជាជាតិ (UN)។
UNHRC ក៏ជាវេទិកាមួយផងដែរសម្រាប់កិច្ចពិភាក្សាស្ដីពីបញ្ហាសិទ្ធិមនុស្សដោយមានការចូលរួមពីក្រុមមន្ត្រី និងក្រុមអ្នកជំនាញមកពី UN។ បណ្ដារដ្ឋជាសមាជិកមានសន្លឹកឆ្នោតម្នាក់មួយសន្លឹក ក្នុងការបោះឆ្នោតអនុម័តដំណោះស្រាយដែលអាចជំរុញឱ្យរដ្ឋាភិបាលនានាចាត់វិធានការសកម្មភាព ហើយក៏អាចកោះប្រជុំបន្ទាន់ជាពិសេសផងដែរ ខណៈមកទល់នឹងពេលនេះមានកិច្ចប្រជុំបន្ទាន់ចំនួន៣៦ ត្រូវបានរៀបចំឡើង។ នេះបើតាម UNHRC។
តួនាទីចម្បងមួយរបស់ UNHRC នោះគឺយន្តការពិនិត្យជាសកលតាមកាលកំណត់ (UPR) ដែលត្រួតពិនិត្យឡើងវិញលើស្ថានភាពសិទ្ធិមនុស្សនៅតាមបណ្ដាប្រទេសជាសមាជិកទាំងអស់របស់ UN ជារៀងរាល់ ៤ឆ្នាំកន្លះម្ដង។ ការពិនិត្យឡើងវិញត្រូវបានធ្វើឡើងដោយក្រុមការងារមួយ ដែលមានសមាជិកមកពីប្រទេសជាសមាជិកទាំង ៤៧ ចូលរួម។ នីតិវិធីនេះអនុញ្ញាតឱ្យរដ្ឋនីមួយៗរាយការណ៍ពីកិច្ចការដែលខ្លួនបាន ធ្វើ នៅក្នុងការកែលម្អស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសរបស់ពួកគេ និងទទួលអនុសាសន៍សម្រាប់ការកែលម្អបន្ថែម។
* តែហេតុអ្វី UNHRC ទទួលរងការរិះគន់?
ក្រុមអ្នករិះគន់ UNHRC តួយ៉ាងដូចជាលោក Netanyahu បានអះអាងថាទីភ្នាក់ងារ UN មួយនេះមានភាពលម្អៀងចំពោះអ៉ីស្រាអែល និងបានផ្ដល់វេទិកាអន្តរជាតិស្របច្បាប់មួយទៅឱ្យប្រទេសមួយចំនួន ដែល ពួកគេហៅថាតួអង្គចិត្តអាក្រក់។ ក្រុមអ្នកជំនាញខ្លះ បាននិយាយថាបណ្ដាប្រទេសមួយចំនួន តួយ៉ាងដូចជាចិនបានប្រើប្រាស់ UNHRC ដើម្បីជំរុញចក្ខុវិស័យរបស់ខ្លួនចំពោះសិទ្ធិមនុស្ស និងដើម្បីធ្វើជាខែលការពារ ពួកគេពីការរិះគន់ជុំវិញបញ្ហាសិទ្ធិមនុស្ស។ រីឯក្រុមអ្នកជំនាញខ្លះទៀតបានអះអាងថាការចូលរួមនៅក្នុង UNHRC គឺផ្ដល់ឱ្យសហរដ្ឋអាមេរិកនូវប្រយោជន៍ជាក់ស្ដែងមួយចំនួន ក្នុងនោះដូចជាផ្ដល់ជាវេទិកាសម្រាប់ ដោះស្រាយការរំលោភសិទ្ធិមនុស្សនៅជុំវិញពិភពលោក។ ប៉ុន្តែ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ធ្លាប់បានចោទប្រកាន់ UNHRC មានភាពលម្អៀងចំពោះអ៉ីស្រាអែលដែលជាសម្ព័ន្ធមិត្ត ចាក់ទឹកមិនលិចរបស់សហរដ្ឋអាមេរិក។
កាលពីថ្ងៃទី៥ ខែកុម្ភៈ ជាមួយការប្រកាសដកខ្លួនចេញពី UNHRC តាមសហរដ្ឋអាមេរិក រដ្ឋមន្ត្រីការបរទេសអ៉ីស្រាអែល លោក Saar បាននិយាយថា UNHRC មានចេតនាបង្ខូចកេរ្តិ៍ឈ្មោះរបស់អ៉ីស្រាអែលដែលជា ប្រទេសប្រជាធិបតេយ្យមួយនៅក្នុងតំបន់មជ្ឈិមបូព៌ា។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យ UNHRC លោក Pascal Sim បានលើកឡើងនៅក្នុងសេចក្ដីថ្លែការណ៍មួយថាសហរដ្ឋអាមេរិកធ្លាប់ជាសមាជិក UNHRC ចាប់ពី ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ ដូច្នេះចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ សហរដ្ឋអាមេរិកមិនមែនជាសមាជិក UNHRC ទៀតនោះទេ និងបានក្លាយជារដ្ឋអង្កេតការណ៍ដោយ ស្វ័យប្រវត្តិដូចគ្នាទៅរដ្ឋមួយចំនួនផ្សេងទៀតក្នុងចំណោមរដ្ឋជាសមាជិក UN ទាំង១៩៣ប្រទេសដែលមិនមែនជាសមាជិក UNHRC។ តាមអ្នកនាំពាក្យរូបនេះដដែល រដ្ឋអង្កេតការណ៍មួយ មិនមានសិទ្ធិដកខ្លួនចេញពី អង្គការអន្តររដ្ឋាភិបាលមួយដែលខ្លួនលែងជាសមាជិកទៅហើយ បាននោះឡើយ។ សមាជិកទាំង ៤៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ត្រូវបានជ្រើសរើសដោយមហាសន្និបាត រៀងរាល់អាណត្តិ ៣ឆ្នាំម្តង។
គួរបញ្ជាក់ថា មកទល់នឹងពេលនេះ មានតែប្រទេស២គត់ គឺលីប៊ី និងរុស្ស៉ី ដែលត្រូវបាន UNHRC ព្យួរសមាជិកភាព។ លីប៊ីត្រូវបានព្យួរសមាជិកភាពក្នុងឆ្នាំ២០១១ ក្រោយមានការបង្ក្រាបលើក្រុមបាតុករ រីឯរុស្ស៉ី ត្រូវបានព្យួរសមាជិកភាពដោយសារតែសង្រ្គាមឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ នៅឯការបោះឆ្នោតមួយរបស់មហាសន្និបាតអង្គការសហប្រជាជាតិជាមួយសំឡេងគាំទ្រ៩៣ ទល់នឹង ២៤សំឡេងប្រឆាំង៕